ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូ ត្រូវពលរដ្ឋនិងកម្លាំងនគរបាលល្បាតឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងល្បាត ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណីលួច (ម៉ូតូសណ្តោងរ៉ឺម៉ក) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ០០នាទី ត្រង់ចំណុចខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ឹម ខាន់ថង ហៅ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថ្មម៉ាប ស្នាក់នៅផ្ទះជួល ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្តថា ជនសង្ស័យឈ្មោះ ព្រីវ សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641 មានលេខតួ401739 (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ ចំនួន០១គ្រឿង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្ថែមថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ឹម ខាន់ថង ហៅ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ បានទុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641 មានលេខតួ401739 (ម៉ូតូចាស់) សណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ នៅខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនបានដកកូនសោចេញពីម៉ូតូទេ ហើយជនរងគ្រោះក៏បានចូលទៅក្នុងឃ្លាំង ដើម្បីធ្វើការដូចធម្មតា ។

ពេលនោះស្រាប់តែមានជនសង្ស័យ បានដើរមកដល់ខាងមុខឃ្លាំងថ្មម៉ាប ក៏បានធ្វើសកម្មភាពលួចម៉ូតូ និងរ៉ឺម៉កខាងលើ របស់ជនរងគ្រោះ បើកគេចខ្លួនតាមផ្លូវ២១៧ ពីត្បូងទៅជើង ហើយជនរងគ្រោះបានឃើញក៏ខ្ចីម៉ូតូកម្មករធ្វើការជាមួយគ្នា ជិះដេញតាមពីក្រោយ រួចស្រែកថា ចោរៗ។

ហើយជនសង្ស័យបានបើកម៉ូតូអូសរ៉ឺម៉ក ដល់ចំណុចខាងមុខ មន្ទីរពេទ្យបង្អែកដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជួយចាប់ឃាត់ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវស្រាប់ ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាង យកមកសាកសួរ នៅអធិការដ្ឋានគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់