ភ្នំពេញ៖ វិបត្តិគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគឺជាមេរោគដ៏កាចសាហាវមួយ ដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ជារៀងរាល់ឆ្នាំ បើទោះបីជាអ្នកស្លាប់ទាំងនោះមានតួនាទី ឬឋានៈខ្ពង់ខ្ពស់ បែបណាក៏ដោយ។ គ្រប់ជនរងគ្រោះទាំងអស់ភាគច្រើន ត្រូវបានស្លាប់តែមួយប្រពិចភ្នែកនៅលើដងផ្លូវសាធារណៈ ខណដែលពួកគេធ្វេសប្រហែសក្នុងពេលបើកបរ ដោយមិនគោរពច្បាប់ ផឹកគ្រឿងស្រវឹង មិនពាក់ខ្សែក្រវ៉ាត់ រឺមិនពាក់មួកសុវត្ថិភាពជាដើម ទើបបណ្តាលឲ្យពួកគេជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ ដែលគួរឲ្យរន្ធត់នឹកស្មានមិនដល់នោះ។
កញ្ញាតឹក សុខលាងធ្វើសេចក្តីរាយការណ៍ D-24-08-14-STL ដោយមើលឃើញពីបញ្ហានេះ គណបក្សប្រឆាំងដែលមានអសនៈនៅក្នុងរដ្ឋរដ្ឋសភាជាតិ សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋ បានសារទេស្វាគមន៍ចំពោះច្បាប់ថ្មី ដែលបានបង្កើតអស់រយៈពេលជាច្រើនឆ្នាំហើយនោះ និងត្រៀមចូលរដ្ឋសភាជាតិក្នុងពេលឆាប់ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន បានចុះហត្ថលេខាលើ សេចក្តីព្រាងចុងក្រោយ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤នេះ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានតាក់តែងឡើងដោយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនោះបានកំណត់បង្កើតឲ្យមាន៩២មាត្រា និង១២ជំពូក។ គណៈកម្មាធិការជាតិបានសម្រេចបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគឺក្នុងបំណងធ្វើការទប់ស្កាត់កាត់បន្ថយអត្រា ស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ ក្នុងនោះបើគិតជាមធ្យមយ៉ាងហោចណាស់មនុស្សចំនួន៥នាក់ ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលអ្នកស្លាប់ភាគច្រើនមានអាយុចន្លោះពី១៦ទៅ៤៥ឆ្នាំ។ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់លោកពៅ ម៉ាលី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុន។
ផ្តើមចេញនូវសូរសំលេង ជាមួយនិងដៃកាន់ឯកសារដែលមាននៅលើតុ ភ្នែកសំលេងមើលសេចក្តីព្រាងច្បាប់ តាមរយៈកញ្ចក់វ៉ែនតា ដោយអង្គុយនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លោកពៅ ម៉ាលី ដែលស្ថិតនៅក្នុងបរិវេណ នៃនាយកដ្ឋានដឹកជញ្ជូនក្រុងភ្នំពេញ។ ខណៈពេលដែលលោកកំពុងនិយាយឆ្លើយឆ្លងជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងបទសំភាសន៍ដែលពាក់ពន្ធ័ និងសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។លោកពៅ ម៉ាលី បានកាន់សេចក្តីព្រាងច្បាប់និងឯកសារពាក់ពន្ធ័ផ្សេងៗ ទៀតដោយសំអាងថា៖« ច្បាប់ថ្មីបានផ្តោតសំខាន់ទៅលើកម្រិតទោសទន្ទ ការផាកពិន័យ ការប្រើប្រាស់គ្រឿងស្រវឹង និងការប្រើប្រាស់ល្បឿន និងជម្រុញឲ្យបើកបរនិងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរទោះធ្វើដំណើរជិតរឺឆ្ងាយក្តី»។
ច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ចាប់ផ្តើមធ្វើវិសោធន៍កម្មនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ដោយមានក្រុមការងារមួយ បានបង្កើតឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូនក្នុងនោះរួមមានមន្ត្រីតំណាងមកពីក្រសួងសាធារណៈការ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមការងារខាងលើនេះបានប្រជុំគ្នាទៅលើការរៀបចំធ្វើវិសោធន៍កម្មជាច្រើនលើកច្រើនសារមកហើយ ដូច្នេះទំរាំងតែកើតចេញជាច្បាប់នេះរហូតមកដល់សព្វថ្ងៃ។
ច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងធ្វើវិសោធន៍កម្ម ត្រូវបានបញ្ជូនទៅរដ្ឋសភានៅក្នុងពេលគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ហើយក្នុងពេលបច្ចុប្បន្ននេះសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានចំណានៅថ្ងៃទី១៥ ខែសីហា ក្នុងកិច្ចប្រជុំចុងក្រោយនៅទីស្តីការគណរដ្ឋមន្ត្រីដោយ សម្តេចនាយកបានស្នើសុំឲ្យសភាអនុម័តនៅក្នុងពេលឆាប់ៗនេះ។
កាលពីចុងសប្តាហ៍មុននេះដែរលោក អ៊ា ចរិយា អ្នកឯកទេសផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសរសេរពីចំណាប់អារម្មណ៍របស់គាត់ ផ្ញើតាមប្រពន្ធ័អ៊ីធើណេត ដោយលោកបានបញ្ជាក់ត្រង់សំណួរដែលបានលើកឡើងថា តើច្បាប់ថ្មីមានចំណុចពិសេសអ្វីខ្លះជាងច្បាប់ចាស់នោះ? លោកអ៊ា ចរិយាបានសង្កត់ធ្ងន់ថា ច្បាប់ថ្មីវាភាពខុសពីច្បាប់ចាស់ត្រង់ថា អនុញ្ញាតឲ្យទោចក្រយានយន្តផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមកុមារ១នាក់ទៀតបាន និងតម្រូវឲ្យអ្នករួមដំណើរនិងកុមារដែលមានអាយុចាប់ពី៣ឆ្នាំពាក់មួកសុវត្ថិភាព បង្កើនប្រាក់ពិន័យ ចំពោះអ្នកបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលច្រើន គឺចាប់ពី០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ពី៨០០.០០០រៀល ទៅ ៤.០០០.០០០រៀលនមិនត្រឹមតែប៉ុណ្ណោះវាតម្រូវឲ្យម្ចាស់ហាងលក់យានយន្តបំពេញបែបបទចុះបញ្ជីសុំបណ្ណ័សម្គាល់ និងផ្លាកលេខ មុននឹងប្រគល់ទៅឲ្យអ្នកទិញ និងផ្តល់សិទ្ធិឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្ទូចរថយន្តដែលចតខុសច្បាប់យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក។ ដោយឡែកការផាកពិន័យសម្រាប់អ្នកមិនពាក់មួកនៅក្នុងប្រទេសកម្ពុជា គឺមានត្រឹមតែ៣.០០០រៀល ហើយនឹងត្រូវបង្កើនទៅ១៥.០០០រៀល បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីត្រូវបានអនុម័ត។
ទោះបីជាបង្កើនរហូតដល់១៥.០០០រៀល ក៏កំរិតនៃការផាកពិន័យនេះនៅទាបជាងកំរិត នៃការផាកពិន័យនៅប្រទេសជិតខាងយើងនៅទ្បើយ ដូចជាប្រទេសលាវមាន១៦.០០០រៀល ប្រទេសវៀតណាម៤០.០០០រៀលនិងប្រទេសថៃ៦០.០០០រៀល។ លោកអ៊ា ចរិយាបានបន្ថែមថា សង្គមស៊ីវិលបានកំពុងជម្រុញឲ្យច្បាប់ចរាចរណ៍ថ្មីនេះអនុម័តបានឆាប់រហ័សៗ តាមរយៈការផ្ញើរញាត់គាំទ្រ និងការជួបពិភាគ្សាផ្សេងៗជាមួយថ្នាក់ដឹកនាំ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានសក្តានុពលក្នុងការជម្រុញឲ្យការអនុវត្តនច្បាប់កាន់ តែមានភាពល្អប្រសើរទ្បើង នឹងទទួលបានការចូលរួមគាំទ្រពីសង្គមស៊ីវិល និងអ្នកផ្តល់ជុំនួយកាន់តែច្រើនទ្បើងហើយនឹងជួយឲ្យប្រទេសកម្ពុជាអាចសម្រេចបាន គោលដៅទសវត្សរ៍នៃផែនការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០% នៅដំណាច់ឆ្នាំ២០២០។ ដែលសម្រាប់កម្ពុជាគឺអាចសង្គ្រោះ ជិវិតមនុស្សពីសេចក្តីស្លាប់បាន៧៣៥០នាក់ និងអាចបង្កាជនរងគ្រោះដោយរបួសក្បាលបាន១០៥៧២នាក់ ក្នុងកំឡុងពេល៥ឆ្នាំខាងមុខនេះ។ មហន្តរាយមួយនេះបានបន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ភាពទុរគត និងគ្រួសារក្រីក្រជាដើម។ យោងតាមរបាយការណ៍នៃប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៣មានចំនួនអ្នកស្លាប់សរុប១៩៥០នាក់៦១% ជាអ្នកធ្វើដំណើរតាមម៉ូតូ។
ករណីស្រដៀងគ្នាផងដែរ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិលោកយ៉ែម បញ្ញារិទ្ធ បានមានប្រសាសន៍ថា លោកសូមស្វាគមន៍ចំពោះច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលត្រៀមចូលសភាក្នុងពេលឆាប់ៗនេះបើទោះបីជាលោកមិនទាន់បានឃើញ និងដឹងអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នោះក៏ដោយ។ លោកបញ្ជាក់ថា គណសង្គ្រោះជាតិនៅតែចាំឃ្លាំមើលការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីជៀសវាងការអនុវត្ត ដែលបង្កប់ទៅដោយភាពពុករលួយ។ លោកថា៖«គណបក្សសង្គ្រោះជាតិនិងធ្វើការឃ្លាំមើលការរឹត បណ្តឹងច្បាប់ចរាចរណ៍ថ្មី ដើម្បីជៀសវាងមន្ត្រីអនុវត្តន៍ច្បាប់បង្កប់ទៅដោយភាពពុករលួយ»។
ដោយឡែកកញ្ញាសម្បត្តិ ពេជ្រ អាយុ២៥ឆ្នាំ ដែលធ្លាប់ជាជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានថ្លែងយ៉ាងដូច្នេះថា កាលពី៧ឆ្នាំមុនកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ ធ្ងររហូតដល់សន្លប់បាត់ស្មារតីនៅខាងមុខសាលាជាតិកសិម្មព្រែកលៀប។ កញ្ញាបន្តថា ពេលចេញពីសាលារៀនកញ្ញាបានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពទេ ព្រោះថាកញ្ញាធ្វើដំណើរតែត្រឹម ១គីឡូដីប៉ុណ្ណោះ។ ជាអកុសលនៅថ្ងៃកើតហេតុកញ្ញាបានជិះឆ្លងផ្លូវក្នុងបំណងចង់វ៉ារថយន្តទេសចរណ៍មួយគ្រឿង ប៉ុន្តែផុតបនិ្តចសោះរថយន្តបានបុកម៉ូតូកញ្ញាពីក្រោយ រួចអូសម៉ូតូកញ្ញាប្រហែល១០ម៉ែត្រពីកន្លែងកើតហេតុ។
កញ្ញា បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំបានរងរបួសត្រូវក្បាល ហើយឥឡូវទោះបីជាខ្ញុំព្យាបាលជាក៏ដោយ ខ្ញុំនៅតែរាងឈឺក្បាលវិល មុខ ហើយបើប្រទេសកម្ពុជាបានអនុម័តច្បាប់ចរាចរណ៍មែន វាធ្វើឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំង អស់គ្នា កាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកម្រិតទាប។
បើតាមបុរសវ័យ៦០ឆ្នាំម្នាក់ជាអ្នករត់ម៉ូតូឌុបឈ្មោះ ជេត តាន់ រស់នៅសង្កាត់បឹងកេងកង៣បានបញ្ជាក់ដែរថា វាជារឿងល្អដែលរដ្ឋាភិបាល បានរៀបចំតាក់តែងច្បាប់ថ្មីពីសុវត្ថិភាពចរាចរណ៍ផ្លូវ គោកនោះ ប៉ុន្តែវានៅមានបញ្ហាត្រង់ថា អ្នកម៉ូតូឌុបបានត្រៀមមួកសម្រាប់រួមដំណើរជាមួយហើយ ប៉ុន្តែសួរ« ថាតើអ្នករួមដំណើរនោះសុខចិត្តពាក់មួកដែលគ្នាមានធុំក្លិនញើសស្អុយដែរទេ ដូច្នេះខ្ញុំស្វាគមន៍ឲ្យមានច្បាប់នេះ ប៉ុន្តែរដ្ឋាភិបាលគួរតែផ្តល់អនុសាស្ត្រផ្សេងទៀត ដើម្បីសំរួលដល់បញ្ហានេះផង»។
ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលនិង គណបក្សប្រឆាំងរួមទាំងប្រជាពលរដ្ឋសុទ្ធតែដឹងច្បាស់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺទី១បណ្តាលមកពីកត្តាមនុស្ស ទី២កត្តាផ្លូវថ្នល់ ទី៣កត្តាយានយន្ត។ ក្នុងចំណោមកត្តាទាំង៣នេះ កត្តាមនុស្សគឺជាកត្តាដែលបង្កឲ្យកើតមានគ្រោះថ្នាក់ច្រើនជាងគេ ដោយសារតែមនុស្សមិនគោរពច្បាប់ ដោយផឹកគ្រឿងស្រវឹងហើយបើកបរ បើកបរមិនគោរពច្បាប់ មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា ខណៈបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ដែលនេះជាបុព្វហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។ ដូច្នេះដើម្បីឲ្យមនុស្សគោរពច្បាប់ទាំងអស់គ្នាលុះត្រាតែប្រទេសកម្ពុជា ត្រូវតែមានច្បាប់ សម្រាប់ចុះអប់រំផ្សព្វផ្សាយដល់មនុស្សខាងលើនេះដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតនៅកម្រិតទាបបំផុត៕
មតិយោបល់