(Reuters) - កាលពីថ្ងៃអាទិត្យ យោធាប្រទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិក និងកាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្ររបស់តៃវ៉ាន់កាលពីសប្តាហ៍មុន ដោយបាននិយាយថា សហរដ្ឋអាមេរិក និងកាណាដាកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រទេសចិនអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយបានធ្វើបេសកកម្មទ័ពអាកាសម្តងហើយម្តងទៀតចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាស(ADIZ) របស់តៃវ៉ាន់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលបង្កឲ្យទីក្រុងតៃប៉ិមានកំហឹង។
ប្រទេសចិនបានបញ្ជូនយន្តហោះប្រហែល ១៥០ គ្រឿងចូលទៅក្នុងតំបន់ដែនអាកាសនោះ ក្នុងចន្លោះរយៈពេល បួនថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី មួយ ខែតុលា ដែលបានបង្កើនភាពតានតឹងបន្ថែមទៀតរវាងទីក្រុងប៉េកាំង និងតៃប៉ិ បណ្តាលឲ្យមានការព្រួយបារម្ភជាអន្តរជាតិ។
យោធាសហរដ្ឋអាមេរិកបាននិយាយថា នាវាពិឃាតផ្ទុកគ្រាប់មីស៊ីលប្រភេទ Arleigh Burke ឈ្មោះ USS Dewey បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកតូចមួយដែលបំបែកកោះតៃវ៉ាន់ពីប្រទេសចិនដែលជា ប្រទេសជិតខាងដ៏ធំរបស់ខ្លួន រួមជាមួយនាវាចម្បាំងឈ្មោះ HMCS Winnipeg របស់កាណាដា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
យោធាសហរដ្ឋអាមេរិកបានបន្ថែមថា “ការចរាចររបស់នាវា Dewey និង Winnipeg ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូ ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។
បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានឃ្លាំមើលនាវា និង “ប្រុងប្រយ័ត្នចំពោះការគំរាមកំហែងណាមួយ” នៃការធ្វើដំណើរនោះ តាំងពីដើម រហូតដល់ចប់។
បញ្ជាការដ្ឋាននោះបាននិយាយទៀតថា “សហរដ្ឋអាមេរិក និងកាណាដាបានឃុបឃិតគ្នាដើម្បីបង្កើត និងបន្ថែមបញ្ហា … ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់” ៕
មតិយោបល់