ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រុកចំនួន០៥ នៅក្នុងខេត្តរតនគិរី​ ហេីយពលរដ្ឋជាង ២ពាន់គ្រួសាររងផលប៉ះពាល់​ និងត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន​ ៧៧គ្រួសារ

ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តរតនគិរីបណ្ដាលឱ្យស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក​ និងទន្លេសេសានចំនួន​ ០៥ស្រុក រងផលប៉ះពាល់រួមមានស្រុក លំផាត់ តាវែង អណ្តូងមាស កូនមុំ​ និងស្រុកអូរយ៉ាដាវ​ ហេីយប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបមានចំនួន២.០១១គ្រួសារ​ ក្នុងនោះអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋប្រមាណ​ ៧៧គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។

របាយការណ៍របស់រដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២១​នេះ​បានបង្ហាញថា៖

-មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន​ ៩៨២ខ្នង,សាលារៀនចំនួន​ ០៥ខ្នង,វត្តអារាមចំនួន​ ០៣កន្លែង,តូបលក់ឥវ៉ាន់ចំនួន​ ៧៥តូប,និងរោងជាងសិប្បកម្មផ្សេងៗចំនួន​ ១៣កន្លែងបានរងផលប៉ះពាល់។
-ផ្ទៃដីស្រែចំនួន​ ១.០៧៧ហិកតាបានលិចលុងធ្វើអោយប៉ះពាល់ស្រូវសន្ទូង១.២០៣ហិកតា។

-បានជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពក្នុងនោះមានគោចំនួន​ ២៤៨ក្បាល,ជ្រូកចំនួន​ ១១៦ក្បាល,មាន់ទាចំនួន​ ១.០៦៥ក្បាល។

-លិចលុងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង​ ១៥.៦០០ម៉ែត្រ,ស្ពានបេតុងចំនួន​ ១១កន្លែង,

-លូកាត់ផ្លូវចំនួន​ ១១កន្លែង​ និងខូចខាតចំនួន​ ០១កន្លែង,អណ្តូងស្នប់ចំនួន​ ៩៣អណ្តូង,អណ្តូងលូចំនួន​ ៣៦៨អណ្តូង,បង្គន់អនាម័យចំនួន​ ៤៨១បង្គន់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២១នេះ​ ទឹកទន្លេសេសានស្ថានីយកាចូនម៉ោង ១១:៣០នាទីព្រឹក​ ទឹកមានកំពស់៨.៣៧ម៉ែត្រ​ ទឹកស្រកចុះ០.៥០ម៉ែត្រ​ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ។
ទឹកទន្លេស្រែពក ស្ថានីយលំផាត់ វេលាម៉ោង ០១:០០នាទីថ្ងៃត្រង់​ ទឹកមានកំពស់​ ១៣.៨១ម៉ែត្រ​ ទឹកឡើង ០.០១ម៉ែត្រ​ ខណៈចំណុចប្រកាសអាសន្ន​ ១២.៥០ម៉ែត្រ៕

ប្រភព៖​​​​​​ មន្ទីរព័ត៌មានខេត្តរតនគិរី

មតិយោបល់