ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្ករឡើងពីរថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បានបុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អ្នកបើកបររថយន្តធន់ធំសណ្ដោងមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្តរបស់ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកឯរងគ្រោះទាំង ២នាក់មានឈ្មោះ អ៊ែល ពិន អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទី ម៉ឺនចំណាន អាយុ ២៥ឆ្នាំ អ្នកទាំង ២នាក់ មានមុខរបរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនថែស្ងួត សូងួន បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក ភ្លាមៗនោះ ស្រាប់តែរថយន្តបង្កបានរេចង្កូតមកស្ដាំដៃទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ស្របទិសគ្នាបណ្ដាលឲ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុ កៃកុងរថយន្តធន់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ បានធ្វើការទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពត្រូវបាននគរបាលប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ BTV
មតិយោបល់