ព័ត៌មានជាតិ

យោធាស៊ូដង់ ធ្វើរដ្ឋប្រហារចាប់ឃុំខ្លួននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើននាក់

(ខាទុំ, ស៊ូដង់)៖ នាយករដ្ឋមន្រ្តីស៊ូដង់ លោក Abdalla Hamdok និងរដ្ឋមន្ត្រីមួយចំនួនទៀត ត្រូវបានចាប់ខ្លួនក្នុងការធ្វើរដ្ឋប្រហារដោយយោធា។ នេះបើតាមទីភ្នាក់ងារ ព័ត៌មាន Reuters។

លោក Abdalla Hamdok ត្រូវបានឃុំខ្លួននៅក្នុងផ្ទះរបស់លោក ហើយកម្លាំងយោធាស៊ូដង់ បានចាប់ខ្លួនរដ្ឋមន្រ្តី៤រូប រួមជាមួយសមាជិកនៃ ក្រុមប្រឹក្សាអធិបតេយ្យ ព្រមទាំងអភិបាលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សជាច្រើន ខណៈកងទ័ពត្រូវបានដាក់ពង្រាយនៅពាសពេញដងផ្លូវ ក្នុងរដ្ឋធានីខាទុំ។

ស៊ូដង់ទើបតែបានចាប់ផ្តើមធ្វើអន្តរកាល ទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីចលនាបះបោរធំមួយ បានទម្លាក់អតីតប្រធានាធិបតី លោក Omar al-Bashir ពីអំណាច កាលពីខែមេសា ឆ្នាំ២០១៩ ក្រោយមេដឹកនាំរូបនេះ គ្រប់គ្រងប្រទេសជិត៣ទសវត្សរ។

នៅក្រោមកិច្ចព្រមព្រៀង ក្នុងខែសីហា ឆ្នាំដដែល យោធានិងក្រុមគណបក្សនយោបាយ បានឯកភាពចែករំលែកអំណាចជាមួយគ្នា តាមរយៈការបង្កើតក្រុមប្រឹក្សាមួយហៅថា ក្រុមប្រឹក្សាអធិបតេយ្យភាព ដែលមានគោលដៅដឹកនាំប្រទេសជាបណ្តោះអាសន្ន រហូតដល់មានការបោះឆ្នោត នៅចុងឆ្នាំ២០២៣។ កាលពីខែកញ្ញាកន្លងទៅនេះ អាជ្ញាធរស៊ូដង់ទើបតែបានឲ្យដឹងដែរថា ពួកគេទប់ស្កាត់បានសម្រេចនូវ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដោយក្រុមដែលស្មោះត្រង់នឹងលោក បាសៀរ៕

មតិយោបល់