ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីបំផុត! តុលាការសម្រេចឃុំខ្លួន និស្សិតចាក់សម្លាប់ស្ត្រីយោធាស័ក្ដិ៣ នៅក្រោយផ្សារដេប៉ូ

ភ្នំពេញៈ ទីបំផុត តុលាការបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើនិស្សិតជាជនដៃដល់ ដែលបានចាក់សម្លាប់ស្ត្រីម្នាក់ ជាមន្ត្រីយោធាពាក់ស័ក្តិ៣ នៅក្រសួងការពារជាតិ បណ្ដាលឲ្យស្លាប់នៅក្រោយផ្សារដេប៉ូ ហើយនៅវេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីបន្តស៊ើបអង្កេត។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ Post News ដឹងនៅមុននេះថា លោកចៅក្រមស៊ើបសួរ កែវ មុនី បានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ម៉ី គឹមហេង ហៅឧត្តម ភេទប្រុស អាយុ២១ឆ្នាំ ដាក់ពន្ធនាគារព្រៃស បណ្ដោះអាសន្ន ពីបទឃាតកម្មគិតទុកជាមុន យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។

នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ី គឹមហេង ហៅឧត្តម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិសិត្ស ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីយោធា ឋានន្តរស័ក្ដិថ្នាក់អនុសេនីយឯក(ស័ក្តិ៣) នៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ផ្ទះជនដៃដល់។

គួររំឭកថា ស្ត្រីជាយោធាម្នាក់ ពាក់ស័ក្ដិ៣ នៅក្រសួងការពារជាតិ ត្រូវបានជនសង្ស័យចាក់សម្លាប់យ៉ាងសាហាវនៅកណ្ដាលទីសាធារណៈ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៩ កែងផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ម៉ី គឹមហេង ត្រូវបានសមត្តកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២១០៦ នៅផ្ទះនៅក្បែរទីតាំងកើងហេតុ ដោយដកហូតវត្ថុតាងមានម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 ដែលជាមធ្យោបាយរបស់ជនដៃដល់ជិះធ្វើសកម្មភាព។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ករណីឃាតកម្មនេះ គឺផ្តើមចេញពីជម្លោះកាលពីជាង២ឆ្នាំមុន ដែលជនរងគ្រោះបានស្តោះទឹកមាត់ដាក់ជនដៃដល់ ទើបធ្វើឲ្យមានកំហឹងរហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យឈានដល់ចាក់សម្លាប់ជនរងគ្រោះតែម្តង។ ប្រភពបន្តថា ជនត្រូវចោទអាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្តផងដែរ ព្រោះជនសង្ស័យមានសម្ដីសំដៅហាក់ខុសប្លែកពីមនុស្សធម្មតា ដែលកក្តានេះក៏អាចជា ដើមចមរុញច្រានឲ្យជនសង្ស័យហ៊ានចាក់សម្លាប់នារីរងគ្រោះផងដែរ៕

https://youtu.be/AmqhFdmAqqA

https://youtu.be/e9bbS04vEI4

https://youtu.be/sEiqQ2dsPGY

https://youtu.be/dZ0c0W0SzmM

មតិយោបល់