ព័ត៌មានជាតិ

អាស៊ានបើកកិច្ចប្រជុំកំពូល ដោយផាត់ចេញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា

(ព្រុយណេ)៖ មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅថ្ងៃអង្គារនេះ ដោយមិនមានវត្តមានមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នោះទេ។

មិនដូចសព្វដង, អាស៊ានត្រូវបើកកិច្ចប្រជុំ ដោយមិនមានអ្នកតំណាងណាម្នាក់មកពីមីយ៉ាន់ម៉ានោះឡើយ។ ក្រសួងការបរទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថាខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ប្រសិនបើអ្នកតំណាងរបស់ខ្លួនមិនមែនជាប្រមុខរដ្ឋ ឬក៏រដ្ឋមន្ត្រីជាន់ខ្ពស់។

ព្រុយណេដែលជាអ្នកទទួលរៀបចំកិច្ចប្រជុំកំពូល បាននិយាយថាអាស៊ាននឹងអញ្ជើញអ្នកតំណាង មិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបានលម្អិតថាតើនរណាគួរតែចូលរួមនោះទេ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ បានសម្រេចចិត្តហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំ ដោយសារតែបរាជ័យក្នុងការអនុវត្តតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ាន ក្នុងនោះរួមមានការបញ្ចប់អំពើហិង្សា និងបើកកិច្ចសន្ទនាស្វែងរកដំណោះស្រាយជាដើម៕

ប្រភព៖​​​​​​ AFP

មតិយោបល់