ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកម៉ាក Ford Raptor បុកម៉ូតូ៣គ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ច្រើននាក់​ នៅខេត្តកំពត

កំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចខាងលិចផ្សារឡឥដ្ឋ តាមបណ្តាយផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត និងម៉ូតូ មានទិសដៅផ្ទុយគ្នា នៅវេលាម៉ោង ១:១០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រថយន្តបង្កម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH: 6289 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូចំនួន ២គ្រឿង ដែលមានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AQ: 1062 បើកបរដោយឈ្មោះ តន់ ជឿន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់(បាក់ជើងខាងស្ដាំ និងដាច់ម្រាមដៃស្ដាំ)។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CM: 8524 បើកបរដោយឈ្មោះ អា រីយ៉ាស់ ភេទស្រី អាយុ៤៨ឆ្នាំ (ស្លាប់) នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់(បាក់ជើងឆ្វេង)។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា ក្រោយពេលបានបុកម៉ូតូចំនួន ២គ្រឿងរួចមក រថយន្តបង្កខាងលើ បានបើកបរក្នុងល្បឿនលឿនបំណងរត់គេច រួចក៏បន្តទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត-1J 2739 ដែលកំពុងឈប់ទិញម៉ាសនៅពីខាងត្បូងផ្លូវ ដែលអ្នកបើកបរឈ្មោះ ភិន មុំ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ចំណែកម៉តូទាំង ៣គ្រឿង រងការខូចខាតធ្ងន់ធ្ងរ និងរថយន្តខូចខាតស្រាល។ ចំពោះវត្ថុតាង រថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់