សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមាន ប្រមាណជាង ១.៥០០ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។
សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ ទន្សោងវ័យក្មេងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំ នៅផ្នែកពាក់កណ្តាល ចុះក្រោម ហើយចុងស្នែងពណ៌ខ្នៅ។
តាមពិតសត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ សត្វប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន២ខែ។
ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និង ប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
មតិយោបល់