ព័ត៌មានជាតិ

រោងកុនចាប់ផ្តើមមានសកម្មភាពឡើងវិញ! ក្រោយបើកដំណើរការមួយសប្តាហ៍

(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រកាសអនុញ្ញាតិឲ្យមានការបើករោងភាពយន្តឡើងវិញ គិតរហូតមកទល់នឹងពេលនេះ គឺរយ:ពេលជាង១សប្តាហ៍ហើយ អ្វីដែលគេសង្កេតឃើញនោះ គឺមានភាពយន្តជាច្រើន បានដាក់បញ្ចាំង ដើម្បីកំដរចំនីចក្ខុទស្សនិកជន។

ភាពយន្តថ្មីៗទាំងក្នុង និងក្រៅស្រុកជាច្រើន ចាប់ផ្តើមមានវត្តមានឡើងវិញហើយតាមបណ្តារោងភាពយន្តក្នុងរាជធានីភ្នំពេញ ក្នុងសប្តាហ៍ដំបូងនៃការប្រកាសបើកឱ្យដំណើរការរោងភាពយន្តឡើងវិញចាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយរោងភាពយន្តទូទាំងប្រទេសកម្ពុជាត្រូវផ្អាកដំណើរការអស់រយ:ពេលជាយូរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ការបើកដំណើរការរោងកុនឡើងវិញនេះ ត្រូវបានគេចាត់ទុក ជាផ្លូវមួយដើម្បីស្តារវិស័យភាពយន្តឲ្យមានដង្ហើមឡើងវិញ

គ្រាន់តែចាប់បើកដំណើរជាធម្មតាវិញភ្លាម យុវវ័យស្នេហាវិស័យភាពយន្តជាច្រើន បានសម្រុកទៅទស្សនាភាពយន្តថ្មីៗតាមកាលវិភាគរបស់រោងភាពយន្ត ដោយបានចូលរួមអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។ ក្នុងនោះ នៅគ្រប់រោងកុនទាំង អស់ ហាក់មមាញឹកខ្លាំង នូវសកម្មភាពការងាររបស់ខ្លួន ខណ:អ្នកស្នេហាវិស័យកុន បានជ្រើសរើសភាពយន្តដែលខ្លួនចូលចិត្ត ដើម្បីទស្សនាដោយផ្ទាល់ក្នុងរោងកុន។ រឿងដែលមានចាក់បញ្ចាំង គឺទាំងបរទេស និងរឿងក្នុងស្រុក សុទ្ធតែល្អៗមើលផងដែរ។

សូមជម្រាបថា សម្រាប់លោកអ្នកដែលមានគម្រោងទៅទស្សនាភាពយន្តតាមបណ្តារោងភាពយន្តនានា សូមកុំភ្លេចចូលរួមអនុវត្តវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដែលដាក់ចេញដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕

មតិយោបល់