ព័ត៌មានជាតិ

UN ព្រមានថាប្រជាជនពិភពលោក ៤៥លាននាក់ កំពុងប្រឈមមុខនឹងគ្រោះទុរភិក្ស

(រ៉ូម)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនប្រជាជនដែលកំពុងប្រឈមនឹងគ្រោះទុរភិក្ស ក្នុងប្រទេសចំនួន ៤៣ បានកើនឡើងដល់ជាង ៤៥លាននាក់ហើយ។

បើតាម WFP ការកើនឡើងនៃចំនួនប្រជាជន ប្រឈមមុខគ្រោះទុរភិក្សពី ៤២លាននាក់កាលពីដើមឆ្នាំ២០២១ មកដល់ ៤៥លាននាក់នៅពេលនេះ គឺដោយសារការវាយតម្លៃ លើសន្តិសុខស្បៀងអាហារ ដែលត្រូវបានគេរកឃើញថា ប្រជាជនចំនួន ០៣លាននាក់ផ្សេងទៀត កំពុងប្រឈមនឹងគ្រោះទុរភិក្សក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការកើនឡើងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានគេមើលឃើញនៅក្នុងប្រទេសអេត្យូពី, ហៃទី, សូម៉ាលី, អង់ហ្គោឡា, កេនយ៉ា និងប៊ូរុនឌីផងដែរ។

WFP សង្កត់ធ្ងន់ថា ការចំណាយលើការទប់ស្កាត់គ្រោះទុរភិក្សនៅទូទាំងពិភពលោក នាពេលឥឡូវនេះមានចំនួន ៧ពាន់លានដុល្លារអាមេរិកហើយ ដែលកើនឡើងពី ៦.៦ពាន់លានដុល្លារអាមេរិកកាលពីដើមឆ្នាំ២០២១នេះ ប៉ុន្តែស្ថាប័នរបស់ UN មួយនេះបានព្រមានថា ជំនួយនេះគឺមិនគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់នោះទេ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់