ចិន៖ អវកាសយានិកពីរនាក់មកពីយានអវកាស Shenzhou-13 របស់ប្រទេសចិនបានចាប់ផ្ដើមដើរលើលំហអាកាសកាលពីយប់ថ្ងៃអាទិត្យ ចេញពីស្ថានីយគន្លងគោចររបស់ប្រទេសចិនជាលើកដំបូង ចាប់តាំងពីពួកគេត្រូវបានបញ្ជូនទៅកាន់តារាវិថីកាលពី ៣សប្ដាហ៍មុន។
យោងតាមការិយាល័យវិស្វកម្មអវកាសចិន (CMSEO) បានឱ្យដឹងថា លោក Zhai Zhigang បានឡើងចេញតាមគម្របយានអវកាសនៅម៉ោង ៦:៥១ល្ងាចម៉ោងនៅទីក្រុងប៉េកាំង ហើយលោកស្រី Wang Yaping បានចេញតាមក្រោយនៅម៉ោង ៨:២៨យប់ម៉ោងនៅទីក្រុងប៉េកាំង។ សមាជិកអវកាសយានិកទី៣ គឺលោក Ye Guangfu បានស្នាក់នៅក្នុងបន្ទប់ម៉ូឌុលស្នូល ដើម្បីជួយដល់សកម្មភាពវាលលំហក្រៅយានអវកាស ដែលទីភ្នាក់ងារអវកាសបាននិយាយថា នឹងបន្តរយៈពេលប្រហែល ៦ម៉ោង។
លោក Zhai និងលោកស្រី Wang នឹងដំឡើងឧបករណ៍ទប់ជើង និងកៅអីធ្វើការលើដៃរូបយន្ត។ បន្ទាប់មកដោយមានការគាំទ្រពីដៃរបស់រូបយន្ត អ្នកទាំងពីរនឹងដំឡើងឌុយ ឬអាដាប់ទ័រ និងប្រព័ន្ធព្យួរនៅលើដៃរូបយន្តសម្រាប់ការងារនាពេលអនាគត។ លោក Zhai អាយុ ៥៥ឆ្នាំបានដើរលើលំហលើកដំបូងក្នុងឆ្នាំ២០០៨ ដែលជាអវកាសយានិកជនជាតិចិនដំបូងគេដែលធ្វើដូច្នេះ។ លោកស្រី Wang អាយុ ៤១ឆ្នាំគឺជាស្ត្រីដើរលំហអាកាសដំបូងគេរបស់ចិន។ អវកាសយានិកទាំង ៣នាក់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសអចិន្ត្រៃយ៍ដំបូងគេរបស់ប្រទេសចិនឈ្មោះ Tiangong កាលពីថ្ងៃទី១៦ ខែតុលាសម្រាប់បេសកកម្មរយៈពេល ៦ខែ៕
មតិយោបល់