បរទេស៖ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomoas Tuchel នៅសប្តាហ៍នេះបានធ្វើការសារភាពថាគាត់កំពុងមានក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុខភាពរាង្គកាយរបស់កីឡាករអាមេរិក Christian Pulisic ហើយក៏បានអំពាវនាវឲ្យគ្រូជម្រើសជាតីអាមេរិកលោក Gregg Berhalter ដើម្បីកុំឲ្យប្រើប្រាស់កីឡាកររូបនេះច្រើនពេកក្នុងការប្រកួតសម្រាប់ក្រុមអាមេរិកនាពេលខាងមុខនេះ។
លោក Tuchel បាននិយាយថាកីឡាករ Pulisic ពេលនេះកំពុងបន្តមានភាពឈឺចាប់នៅឡើយក្នុងដំណើរការវិលត្រឡប់មករកសុខភាពជាប្រក្រតីឡើងវិញបន្ទាប់ពីបានសម្រាកព្យាបាលរបួសកជើងអស់មួយរយៈមកហើយនោះគិតចាប់តាំងតែពីខែសីហា។
ប្រធានក្រុមជម្រើសជាតិអាមេរិកកីឡាករ Pulisic រូបនេះបានត្រឡប់មកវិញក្នុងការបង្ហាញខ្លួនឲ្យ Chelsea យកឈ្នះលើក្រុម Malmo ក្នុងក្របខណ្ឌ Champions League និងការប្រកួតក្នុងលីគប៉ះនឹងក្រុម Burnley បានត្រឹមស្មើកាលពីចុងសប្តាហ៍កន្លងមកប៉ុន្តែកំពុងធ្វើដំណើរទៅជួយដល់ក្រុមជម្រើសជាតិប្រកួតប៉ះនឹងក្រុម Mexico និងក្រុម Jamaicaផងដែរ៕
មតិយោបល់