ព័ត៌មានជាតិ

បុរសម្នាក់ និងមិត្តភក្តិ៤នាក់ ត្រូវសន្តិសុខដែលនៅក្នុងក្លឹបហ្សូក ប្រើអំពើហិង្សាដាក់!

ភ្នំពេញៈ បុរស៥នាក់បានចូលទៅរាំលេងកំសាន្តនៅក្នុងក្លឹបកំសាន្ត ហ៊្សូក ក្លឹប ហើយក៏ស្រាប់តែមានសន្តិសុខដែលយាមកាមនៅក្នុងក្លឹបប្រើប្រាស់អំពើហិង្សាដាក់ទៅវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចក្នុងក្លឹបកំសាន្ត ហ៊្សូក ក្លឹប តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ ងែត ចំរើន អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់ និងប្រពន្ធរួមទាំងមិត្តភក្តិប្រុសៗ៤នាក់ទៀតបាននាំគ្នាមកចូលរាំលេងកំសាន្តនៅក្នុងក្លឹបកើតហេតុខាងលើ យ៉ាងសប្បាយរីករាយ។ លុះដល់វេលាកើតហេតុខណៈពេលដែលពួកគាត់កំពុងតែរាំលេង ក៏ស្រាប់តែមានសន្តិសុខដែលយាមនៅក្នុងក្លឹបខាងលើ ៤ទៅ៥នាក់ បានដើរមកចាប់ក្រៀកមិត្តភក្តិប្រុសរបស់គាត់ចំនួន៣នាក់ទៅកន្លែងស្ងាត់ដោយមិនដឹងមូលហេតុអ្វី។ ពេលនោះដោយគាត់ឆ្ងល់និងសន្តិសុខទាំងនោះក៏បានដើរទៅសួរថាមានរឿងអ្វី។ ភ្លាមៗនោះបែរជាត្រូវសន្តិសុខទាំងនោះ ចាប់ក្រៀករូបគាត់ហើយវាយរូបគាត់មួយដៃចំទ្រូង ហើយគាត់ក៏បានបំរាស់ខ្លួនរត់ចេញមកខាងក្រៅតែម្នាក់ឯងដើម្បីយករួចខ្លួនសិន។

ខណៈពេលដែលចេញមកដល់ខាងក្រៅគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តគមន៍ ព្រោះមិត្តភក្តិគាត់ចំនួន៣នាក់ត្រូវបានសន្តិសុខយាមក្លឹបខាងលើចាប់ឃាត់ទុកនៅខាងក្នុងមិនឲ្យចេញមកខាងក្រៅនោះទេ។ មួយសន្ទុះក្រោយមកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចំនួន២នាក់បានចុះមកកន្លែងកើតហេតុ។ ហើយក៏បានជិះម៉ូតូចេញទៅវិញដោយមិនមានចំណាត់ការណ៍អ្វីនោះទេ។ ខណៈពេលនោះដែលក៏មានភាគីខាងក្លឹបកំសាន្តខាងលើបានទូរសព្ទទាក់ទងមកគាត់ឲ្យចូលទៅដោះស្រាយគ្នានៅខាងក្នុងក្លឹប តែគាត់មិនព្រមចូលទៅនោះទេ ព្រោះដោយគ្មានសមត្ថកិច្ចមូលដ្ឋានចូលរួមជាមួយ។ គឺគាត់បានត្រឹមតែឈរនៅខាងក្រៅក្លឹបដោយគ្មានសមត្ថកិច្ចរូបណាមកអន្តរាគមន៍នោះទេ។ ដោយឡែកចំពោះករណីខាងលើនោះគឺមិនមានដំណាងភាគីខាងក្លឹបកំសាន្តម្នាក់ណាចេញមកបញ្ជាក់ឲ្យបានដឹងពីរឿងហេតុនោះទេ។អស់រយៈពេលជាងមួយម៉ោងក្រោយមកក៏ឃើញកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខចុះមកកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហ្ថតក៏បាននាំបុរសខាងលើនិងមិត្តភក្តិចំនួន៣នាក់របស់បុរសខាងលើចេញពីក្នុងក្លឹបយកទៅសាកសួរនាំនៅកងរាជអាវុធហ្ថតខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នាជាមួយនិងភាគីខាងក្លឹបកំសាន្ត ហ៊្សូក ក្លឹបខាងលើ៕

មតិយោបល់