កំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ត ១គ្រឿង បុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យបុរសម្នាក់ និងនារី២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ ១គ្រឿង ម៉ាកFORD RAPTOR ពណ៌ស មិនស្គាល់ផ្លាកលេខ (មានអ្នកដោះផ្លាកលេខចេញ) មិនទាន់ស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរទៅពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូត ១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ផ្លាកលេខ តាកែវ1H-6748 អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ឌុបមនុស្ស ២នាក់(ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងតែបើកបរឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ ៣នាក់ (នារី ២នាក់) នៅកន្លែងកើតហេតុ និងបុរស ១នាក់ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្រោយហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងកំណត់ហេតុរួច សាកសពទាំងបីនាក់ បានយកទៅរក្សាទុកនៅសាលរក្សាសាកសពមន្ទីរបង្អែកពេទ្យខេត្តកំពង់ស្ពឺ រង់ចាំស្រាវជ្រាវរកសាច់ញាតិទទួល។ ចំណែកវត្ថុតាងទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវ៕
មតិយោបល់