ព័ត៌មានជាតិ

តុលាការស៊ើបអង្កេតរអ្នកទោសស្លាប់ក្នុងពន្ធនាគារ ប្រធានពន្ធនាគារខេត្តកណ្តាលបដិសេធ

កណ្តាលៈ ប្រភពព័ត៌មានពីមន្ត្រីតុលាការ ថ្លែងថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ពេលនេះកំពុងស៊ើបអង្កេត ការស្លាប់របស់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល ដោយតម្រុយជាច្រើនបង្ហាញថាជាការវាយតប់គ្នារហូតដល់ស្លាប់ ។ ប៉ុន្តែលោក ចាត ស៊ីនាង ប្រធាពន្ធនាគារខេត្តកណ្តាល បដិសេធការលើកឡើងនេះ ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹថា ថ្ងៃទី១១ ខែមករា ថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្លាប់កោះអញ្ជើញម្តាយនៃសពអ្នកទោសមកបំភ្លឺរួចហើយ។ ពេលនេះ តុលាការកំពុងបន្តនីតិវិធីដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។

ជុំវិញករណីខាងលើនេះ ម្តាយនៃសពអះអាងថា កូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់នោះទេ ហើយលោកស្រីជាគ្រូបង្រៀនរូបនេះ បានប្តឹងករណីនេះចូលតុលាការ ដើម្បីស្វែងរកការពិត។

ជនត្រូវចោទឈ្មោះ មុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ ជាប់ចោទពីបទ”ធ្វើឱ្យខូចខាតដោយចេតនា”ប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ជននេះ ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ ដែលអ្នកដឹងរឿងច្បាស់អះអាងថា ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ គឺជាករណីវៃតប់គ្នាក្នុងពន្ធនាគារ។

លោក ណុស បូផល មេធាវីតំណាងម្តាយសពជនរងគ្រោះថ្លែងថា កាលដែលម្តាយប្តឹងចូលតុលាការ គឺ ចង់ឱ្យតុលាការស្វែងការពិតក្នុងករណីនេះ ដែលម្តាយនៃសពអះអាង ថាសពកូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់ខ្លួននោះទេ។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគាខេត្តកណ្តាល បានប្រាប់Post Newsថា គាត់បដិសេធ ជនជាប់ចោទដែល លោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ ដែលអ្នកដឹងរឿងច្បាស់អះអាងថា ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ គឺជាករណីវាយតប់គ្នាក្នុងពន្ធនាគារ នេះពុំមែនជាករណីវៃតប់គ្នារហូតដល់ស្លាប់ទេ គឺ អ្នកទោសលោតសម្លាប់ខ្លួនឯង៕

មតិយោបល់