ដើម្បីបានដឹងពីស្ថានីយប្រវតិ្តសាស្រ្តទីតាំងទួលអ្នកតាធំ មន្រី្តជំនាញ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកការធ្វើកំណាយស្រាវជ្រាវ និងវិភាគសមុច្ច័យបានពីស្ថានីយអ្នកតាធំ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យាបានប្រាប់ថា ការចុះធ្វើកំណាយស្រាវជ្រាវស្ថានីយប្រវតិ្តសាស្រ្តនេះ ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ គឺជាការស្រាវជ្រាវប្រវតិ្តសាស្រ្ត ដែលមន្រី្តជំនាញបានវាយតម្លៃថាជាទីតាំងមួយ ដែលស្ថិតក្នុងសម័យមុនអង្គរ ក្រោយពីការធ្វើកំណាយមន្រី្តជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញស្លាកស្នាមផ្នូរដែលជាទួលកប់សពមុនសម័យមុនអង្គរ និងរកឃើញលំពែងមុខម្ជុល និងលំពែងមុខដឹង ជាសម័យមុនអង្គរ ដែលឋិតក្នុងសតវត្សរ៍ទី៣ ចន្លោះសតវត្សរ៍ទី៦ នៃគ្រឹះសករាជ។
បើយើងប្រៀបធៀបតាមសមុច្ច័យដែលយើងបានរកឃើញ យើងឃើញថាសមុច្ច័យដែលយើងបានរកឃើញនេះមានការប្រៀបធៀបឋិតក្នុងសម័យយុគដែក ដែលមានឧបករណ៍ ដែកជាច្រើន ដែលរកឃើញកំទេចដែក យើងរកឃើញកុលាលភាជន៍ និងឧបករណ៍ប្រើបា្រស់មួយចំនួនទៀត។ ផ្នូរសពដែលយើងបានរកឃើញ គឺឋិតនៅក្នុង0៩ផ្នូរ ដែលកប់ក្បាលទៅទិសខាងលិច-កើត។ ប៉ុន្តែផ្នូរសពទាំងនោះមិនបានរកឃើញឆ្អឹងទេ យើងរកឃើញស្លាកស្នាមផ្នូរ។
លោក បានបន្តទៀតថា គម្រោងដំណើរការកម្មវិធីស្រាវជ្រាវនេះ ទទួលបានគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្រាវជ្រាវក្នុងខេត្តពោធិ៍សាត់នេះ។ ទន្ទឹមនឹងមន្រី្តជំនាញ ក៏បានសិក្សាស្រាវជ្រាវតំបន់នៅជួរភ្នំក្រវាញ់នេះ ថាតើវាមានទំនាក់ទំនងទៅនឹងដីសណ្តរទន្លេមេគង្គ ឬមួយក៏អត់។ ព្រោះថាស្ថានីយមួយនេះ គឺឋិតនៅតាមដងទន្លេសាប ដែលមានចំណាយពីដងទន្លេសាប តែ១៤ ទៅ១៦គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលឡើងមកនៅក្នុងស្រុកក្រគរនេះតែម្តង។ ជាពិសេសបើទោះបីមានសម័យកាលកូវីដ-១៩ ក៏ដោយមន្រី្តយើង ខិតខំចុះមកស្រាវជ្រាវផ្នែកការអភិរក្ស ការស្រាវជ្រាវ មន្រី្តជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពុំបានអាកខានទេ នៅតែបន្តសកម្មភាពនេះ។ មិនតែប៉ុណ្ណោះ រឿងអភិរក្សនេះទៀតសោត ដែលយើងយល់ថានៅពេលសម័យកូវីដ-១៩នេះ ជនល្មើស ក៏ដូចជាជនខិលខូចតែងតែឆ្លៀតឱកាស។
ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជំរុញ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ឲ្យយើងខិតខំប្រឹងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខិតខំការពារបុរាណដ្ឋាន ទួលបុរាណទាំងអស់ នឹងសម្បតិ្តបេតិកភណ្ឌជាតិ ឬមួយសំណង់បុរាណ។ ដូចសារាចរ ០៥ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា លោកបានចេញសារាចរថ្មីៗនេះផ្ទាល់តែម្តង ដើម្បីក្នុងកិច្ចរក្សាការពារអភិរក្សឲ្យបានគង់វង្ស។ ដូច្នេះក្រសួងវប្បធម៌ បានធ្វើបង្គោលសម្រាប់រក្សាជាច្រើន ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការបានផ្តល់កញ្ចប់ថវិកា បើទោះបីកញ្ចប់ថវិកានោះមិនទាន់ឆ្លើយតបនឹងទំហំការងារដែលបុរាណដ្ឋានយើងមានរហូតដល់ទៅជាង៦០០០ទីតាំង។
ជាចុងក្រោយលោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា សម្រាប់កិច្ចការអភិរក្សនេះ មន្រី្តជំនាញរបស់យើងធ្វើការបោះបង្គោលនៅលើស្ថានីយណាដែលមានការប្រឈមខ្លាំងនៅតាមបណ្តាខេត្ត ជាពិសេសទីតាំងដែលមានដីធ្លីឡើងថ្លៃ និងទីតាំងដែលត្រូវការអភិវឌ្ឍ ដើម្បីកំណត់ព្រំសីមាដែនរក្សាការពារតំបន់អភិរក្សឲ្យច្បាស់លាស់សម្រាប់ប្រជាជន ក៏ដូចជាក្រុមហ៊ុនឯកជននានា ឬមួយអង្គការក្រៅរដ្ឋាភិបាល និងស្នើសុំឲ្យប្រជាជនជាពិសេសយុវជនជំនាន់ក្រោយ ព្រោះថាការអភិរក្សវប្បធម៌ជាតិ មិនថាទួលបុរាណ វត្ថុសិល្បៈ និងប្រពៃណីវប្បធម៌ទាំងអស់ ដែលជាកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បតិ្តជាតិ ដោយហេតុថាប្រទេសជាតិយើងកំពុងមានសន្តិភាព កំពុងលូតលាស់ធ្វើការអភិវឌ្ឍន៍។ ដូច្នេះយើងគួរតែរួមគ្នាបន្ថែមទៀត ដើម្បីឲ្យអរិយធម៌យើងកាន់តែខ្ពង់ខ្ពស់៕
មតិយោបល់