ព័ត៌មានជាតិ

ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិលជាច្រើននាក់ កាលពីឆ្នាំ២០១៩, តែត្រូវបានលាក់បាំង

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកត្រូវបានគេរាយការណ៍ថាបានលាក់បាំងការវាយប្រហារតាមផ្លូវអាកាសចំនួន ២លើក នៅក្នុងប្រទេសស៊ីរី កាលពី ឆ្នាំ២០១៩ ដែលបានផ្ដាច់ជីវិតស្ត្រី និងកុមារ ៦៤នាក់ ដែលនេះអាចចាត់ទុកបានថាជាបទឧក្រិដ្ឋសង្រ្គាម។

បើតាម New York Times ទីបញ្ជាការកណ្ដាលយោធាអាមេរិក ដែលទទួលបន្ទុកលើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅស៊ីរី បានទទួលស្គាល់ការវាយប្រហារតាមផ្លូវអាកាសខាងលើជាលើកដំបូងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ទីបញ្ជាការមួយនេះបានអះអាងថា មនុស្ស ៨០នាក់ ក្នុងនោះមានក្រុមអ្នកប្រយុទ្ធ ISIS ១៦នាក់ និងជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ បានថាតើមនុស្ស ៦០នាក់ផ្សេងទៀត ក្នុងនោះមានទាំងស្រ្តី និងកុមារ គឺជាស៊ីវិល ឬក៏យ៉ាងណានោះទេ ពីព្រោះក្នុងចំណោមអ្នកទាំងនេះ អាចជាក្រុមអ្នកប្រយុទ្ធ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើរបាយការណ៍ចេញផ្សាយដោយកាសែតអាមេរិក New York Times បានឱ្យដឹងទៀតថាប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងនៅក្បែរទីក្រុង បាកហ៊ូស (Baghuz) ប្រទេសស៊ីរី ក្រោមបទបញ្ជាសម្ងាត់របស់អង្គភាពប្រតិបត្តិការ ពិសេសអាមេរិក៕

មតិយោបល់