ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចំរៀង៦ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិ ក្នុងកម្មវិធី “រាត្រីចងចាំ”

តារាចម្រៀងល្បីៗចំនួន៦ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី “រាត្រីចងចាំឆ្នាំ២០២១” ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាមជាសិល្បករក្រៅប្រព័ន្ធដែលក្នុងនោះរួមមាន៖

១-លោកស្រីម៉េង កែវពេជ្ជតា

២-លោក យ៉ែម សំអូន

៣-អ្នកនាង កែវ ចន្ទសម្ផស្ស

៤-អ្នកនាង ទៀងមុំ សុធាវី

៥-លោក ជឹម ជឿន និងកញ្ញា ដួង ម៉ានិចគឺដើម្បីលើកកម្ពស់កិត្យានុភាពនៃសិល្ប:វប្បធម៌ជាតិយើង ឲ្យកាន់តែរុងរឿងថែមទៀត។ ម្យ៉ាងទៀត ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយ:ការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

“រាត្រីចងចាំ” គឺជាព្រឹត្តិការណ៍រម្លឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបីនិងអរូបីដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិភពលោករបស់អង្គការយូណេស្កូ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ព្រឹត្តិការណ៍នេះ ក៏ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់អំពីវប្បធម៌សិល្ប:គ្រប់ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហសម័យ និងឧបករណ៍តន្រ្តីបុរាណខ្មែរ។ ជាពិសេស ដើម្បីពង្រឹងអត្តសញ្ញាណ និងលើកស្ទូយកិត្យានុភាពជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ:វិស័យសិល្ប:វប្បធម៌។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរួមសម្ដែងពីសិល្បករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង១០០នាក់ ដោយសិល្បករទាំងអស់បានលះបង់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ក្នុងបុព្វហេតុដើម្បីវប្បធម៌មួយនេះឡើយ៕

មតិយោបល់