ភ្នំពេញៈ នារីម្នាក់ជិះកង់ចេញពីរៀន ត្រឡប់មកផ្ទះ ត្រូវបានក្រុមចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះដែលបានដាក់ក្នុងកន្ត្រកកង់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមុនីរ៉េត នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ពិសី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរជានិស្សិតនៅសាលាភូមិន្ទភ្នំពេញ ស្នាក់នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនទើបតែចេញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជិះកង់ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុគល់ស្ពានស្ទឹងមានជ័យក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកជិតហើយធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះមិនបានស្ពាយទេទុកនៅក្នុងកន្ត្រកកង់បានសម្រេច រួចប្រញាប់ជិះរត់គេចខ្លួនសំដៅទៅមន្ទីរពេទ្យរុស្សីបាត់ស្រមោល។
នារីរងគ្រោះបានបន្តថា នៅក្នុងកាបូបដែលបានបាត់ក្នុងនោះមានកុំព្យទ័រមួយគ្រឿងនិងកាបូបលុយ ប៉ុន្តែក្នុងនោះគ្មានមានលុយទេ រួមនិងសម្ភារៈមួយចំនួនទៀត។ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់