បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅលើផ្លូវលេខ៥៧B1 ត្រង់ចំណុចក្រុមទី០២ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងថ្មើរជើង បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1P-1510 បាត់ដំបង បើកបរដោយ ឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងអន្លក់ ឃុំក្ដុលតាហែន ស្រុកបវេល បើកបរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បានកៀរបណ្ដាលអោយអ្នកថ្មើរជើងដួល ជនរងគ្រោះឈ្មោះ កែវ ផល្លិកា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅក្រុមទី០២ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (របួសធ្ងន់បែកល្បាលផ្នែកខាងស្ដាំ) បានឆ្លងផ្លូវពីជើងទៅត្បូង ។
ក្រោយកម្លាំងនគរបាលស្រុក ចុះធ្វើការត្រួតពិនិត្យឃើញថា ករណីនេះ គឺបណ្តាលមកពីអ្នកថ្មើរជើងឆ្លងផ្លូវប្តូរទិសខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូបើកបរក្នុងល្បឿនលឿន (គ្មានពាក់មួកសុវត្ថិភាព) ។
សមត្ថកិច្ចបានដឹកអ្នករបួស បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកបវេល ចំណែកឯវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុករង់ចាំដំណោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់