បន្ទាយមានជ័យ ៖ មន្ត្រីចម្រុះបានចុះឆែកឆេរហាងយីហោ«ជីងឡុង»ដោយរកឃើញថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ១៩ជាច្រើន ហើយសុទ្ធតែគ្មានច្បាប់អនុញ្ញាត ។ ការបង្ក្រាបធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ និងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីសុខាភិបាល ។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានអោយដឹងដែរថា ជាការណែនាំពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីទប់ស្កាត់ផលិតក្លែងក្លាយ និងពង្រឹងផលិតក្នុងស្រុកអោយមានគុណភាព និងទីផ្សារការពារសុខុមាលភាពប្រជាពលរដ្ឋ ហើយមន្ត្រីគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយបានស្រាវជ្រាវចុះពិនិត្យទីតាំងហាងយីហោ «ជីង ឡុង» រកឃើញមានថ្នាំបុរាណចិន, ឧបករណ៍ធ្វើតេស្តកូវីដ.១៩គ្មានច្បាប់អនុញ្ញាត ដែលមានម្ចាស់ឈ្មោះ ចាន់ គឹមឡេង ភេទប្រុស អាយុ៣៦ឆ្នាំ (ជនជាតិខ្មែរ) ។លោកបានបញ្ជាក់ថា ដោយយោងតាមកណត់ហេតុត្រួតពិនិត្យជាក់ស្តែងរបស់គណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ រកឃើញមានឱសថLIANHUA QINGWEN JIAONANGចំនួន១៣កេស (ក្នុង១កេសស្មើ៤០០ប្រអប់), VITAMIN.Cចំនួន២កេស (ស្មើ៤០០ដប), ឧបករណ៍តេស្តកូវីដ.១៩ចំនួន២កេស (ស្មើ៦០០តេស្ត), ឱសថនិងបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានបញ្ជាក់ថា ក្រោយពេលចុះពិនិត្យ និងរកឃើញឱសថនិងបរិក្ខារពេទ្យទាំងនេះ គ្មានច្បាប់អនុញ្ញាតនិងប្រភពមិនច្បាស់លាស់ ទើបព្រៈរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តុះអាសន្ន ហើយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯង និងតម្រូវអោយម្ចាស់ចូលទៅបំភ្លឺលើករណីនេះ។
មតិយោបល់