ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
វេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការ សម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេស អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម។(បង្កប់លាក់នៅបាតវ៉ាលី)។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់