ព័ត៌មានជាតិ

លោកប្រធានាធិបតី ចូ បៃដិន ដាក់ទណ្ឌកម្មលើក្រុមមន្ត្រីរដ្ឋាភិបាលនីការ៉ាហ្កា ជុំវិញការបំផ្លាញប្រជាធិបតេយ្យ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់បម្រាមលើក្រុមមន្ត្រីរបស់រដ្ឋាភិបាលនៃប្រទេសនីការ៉ាហ្កា មិនឱ្យចូលសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការបោះឆ្នោតមួយដែលទីក្រុងវ៉ាស៊ីនតោនថ្កាលទោសថាមានការលួចបន្លំដើម្បរក្សា អំណាចរបស់ប្រធានាធិបតីនីការ៉ាហ្កាបច្ចុប្បន្ន លោក Daniel Ortega។

បម្រាមធ្វើដំណើរចូលសហរដ្ឋអាមេរិករបស់លោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងត្រូវអនុវត្តលើមន្ត្រីនីការ៉ាហ្កាទាំងអស់ដែលទើបតែជាប់ឆ្នោត កាលពីពេលថ្មីៗនេះ ក្នុងនោះ រួមមាន លោក Ortega និងភរិយារបស់លោក, អនុប្រធានាធិបតី លោកស្រី រ៉ូសារីយ៉ូ មូរីយ៉ូ (Rosario Murillo), ក្រុមមន្ត្រីសន្តិសុខ, ចៅក្រម, ចៅហ្វាយក្រុង និងមន្ត្រីជាច្រើននាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបំផ្លាញប្រជាធិបតេយ្យ នៅក្នុងប្រទេសនីការ៉ាហ្កា។

សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងកាណាដា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក៏បានប្រកាសពីការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីរដ្ឋាភិបាលនីការ៉ាហ្កា ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការ បោះឆ្នោតសកលកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅនេះផងដែរ៕

ប្រភព៖ AFP

មតិយោបល់