ព័ត៌មានជាតិ

បុរសបរទេសម្នាក់ជិះម៉ូតូScoopyដឹកឆ្កែ ត្រូវនារី២នាក់ជិះម៉ូតូZoomer-X វ៉ាជែង​រថយន្តទៅបុកស្លាប់ទាំងម្ចាស់ទាំងឆ្កែ

ភ្នំពេញ: គួរឲ្យអាសូរណាស់ បុរសបរទេសម្នាក់បានបោកក្បាលស្លាប់ ជាមួយឆ្កែរបស់គាត់ ខណ:ពេលកំពុងជិះម៉ូតូ Scoopy ដឹកឆ្កែ បែរជាត្រូវនារី២នាក់ជិះម៉ូតូ Zoomer-X ឌុបគ្នា វ៉ាជែង​រថយន្ត​ក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកពេញទំហឹងដួលទាំងសងខាង។ ចំណែកនារីទាំង២នាក់ នោះក៏រងរបួសធ្ងន់ដែរ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ​ភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើងទាំងព្រលឹម។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅវេលាម៉ោង៥ទៀបភ្លឺ​ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវ៣៧១ ម្ដុំស្ថានីយ៍បូមទឹក​បឹងទំពុន​ ​ជិតក្លឹបឌីក្លូ ឌឹ​ មីង ​ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សពបុរសបរទេសខាងលើ មិនទាន់ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ។ ចំណែកឯនារី២នាក់ដែលរបួសធ្ងន់នោះ ក៏នៅមិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នាដែរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសបរទេសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ ភ្នំពេញ 1CG-3912 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ដោយមានដឹកឆ្កែមួយក្បាលនៅលើម៉ូតូផងដែរ លុះដល់ចំណុចកើតហេតុស្រាប់តែ មាននារីរូបស្រស់២នាក់ ជិះមួយគ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម​លាយស​ បានធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន​ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត(មិនចាំម៉ាក) ក៏បុកទៅចំពេញទំហឹងតែម្ដង បណ្ដាលឲ្យដួលទាំងសងខាង ដោយបុរសបរទេសខាងលើ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗគួរឲ្យអាសូរ ខណ:ដែលឆ្កែនៅលើម៉ូតូនោះ ក៏ខ្ទាតមកកណ្ដាលផ្លូវស្លាប់ជាមួយម្ចាស់ផងដែរ។ ចំណែកឯនារីរូបស្រស់ទាំង២នាក់នោះ បានរងរបួសធ្ងន់​ នៅហ្នឹងកន្លែងកើតហេតុដែរ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរ រួចរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ចុះមកកន្លែងកើតហេតុ និងហៅរថយន្ត​សង្គ្រោះបន្ទាន់មកដឹក​ជនរងគ្រោះ​យកទៅមន្ទីរពេទ្យផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ ជនរងគ្រោះ​ ត្រូវបានរថយន្ត​គិលាន​សង្គ្រោះគ្លីនិកឯកជន​ មកដឹក​យកទៅមន្ទីរពេទ្យ។ ចំណែកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយបានធ្វើការសាកសួរ​ អ្នក​ដែលឃើញហេតុការណ៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកកន្លែងកើតហេតុ​ ដើម្បីធ្វើការវាស់វែង​ និងយកម៉ូតូជនរងគ្រោះទៅ​រក្សាទុក​ដើម្បី​រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

មតិយោបល់