ព័ត៌មានជាតិ

តើការបៀតបៀនផ្លូវភេទ គឺជាអ្វី?

ពាក្យថាការបៀតបៀនផ្លូវភេទនេះមានអត្ថន័យច្រើន ​ទង្វើ​នៃ​ការ​បៀតបៀន ត្រូវបានគេយល់ថា ជាអំពើដែលគេមិនពេញចិត្ត ព្រោះវាធ្វើ​ឱ្យ​មាន​ការឈឺចាប់ ការគំរាមកំហែង ឬការរំខាន។ ការបៀតបៀន​មាន​ច្រើន​ប្រភេទ និងច្រើនទម្រង់​ដែលទាក់ទងនឹងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ដូចជាការធ្វើបាប ការ​ជ្រើស​​​រើស​នរណាម្នាក់ ក្នុងការឡោមព័ទ្ធ ការតាមដាន ឈ្លបចាប់ ឬសូម្បី​​តែ​ការ​តាម​ដានតាមប្រព័ន្ធអ៊ីនធើណែត ហើយនេះគ្រាន់តែ​ជាឧទាហរណ៍​មួយ​ចំនួន​តែប៉ុណ្ណោះ។ ការបៀត​បៀន​នៅកន្លែងធ្វើការ គឺនៅពេលដែលមានបុគ្គលម្នាក់ ឬច្រើន បង្កើត​បរិយាកាស​​ការងារ​មួយ​ដែល​​​អាប់​អួរនៅកន្លែងធ្វើការ ដែលធ្វើ​ឱ្យបុគ្គលម្នាក់មានអារម្មណ៍​អាម៉ាស់ ឬមិនអាចទៅធ្វើការបានដោយផាសុកភាព​។​ ការបៀតបៀននៅកន្លែងធ្វើការមិនមែនសុទ្ធតែពាក់ព័ន្ធនឹងផ្លូវភេទទាំងអស់​នោះ​ទេ។ ការបៀតបៀនអាច​ស្តែង​ចេញជាការធ្វើបាប ការនិយាយមើលងាយ ឬការ​និយាយ​ចំអក និងឥរិយាបថដែលកោងកាចនានា។ ជា​ទូទៅ មនុស្ស​មិនចូល​ចិត្ត​ប្រើពាក្យ​បៀត​បៀន​នោះទេ ជាពិសេសការបៀតបៀនផ្លូវភេទ ពីព្រោះពួកគេមិនចង់ឱ្យស្ថានភាពនោះក្លាយ​ទៅ​ជាបញ្ហាធំ។ ឥរិយាបថបែបនេះប្រហែលជាអាចកាត់បន្ថយផលប៉ះ​ពាល់​បាន​រយៈ​ពេល​ខ្លី ប៉ុន្តែវាអាចជាការលើកទឹកចិត្ត​ឱ្យអ្នកប្រព្រឹត្តកាន់តែធ្វើការបៀតបៀនបន្ថែម​ទៀត។

ការបៀតបៀន និងការរំលោភបំពានបានកើតឡើងជាក់ស្តែងក្នុងសង្គមកម្ពុជា ដែល​យើងមិនអាចធ្វើមិនអើពើបានឡើយ។​​​ ដើម្បីអន្តរាគមន៍ និងផ្តល់​ការគាំទ្រ ដើម្បីលុបបំបាត់ ទប់ស្កាត់ការបៀតបៀន និងការរំលោភបំពាន យើងត្រូវធានា​ថា​ ​​មិន​ត្រូវធ្វើឱ្យស្ថានភាពរបស់ជនរងគ្រោះកាន់តែដុនដាបនោះទេ។ រាល់​សកម្មភាព​ត្រូវតែមានគម្រោង និងមាន​ការថ្លឹងថ្លែងឱ្យបានច្បាស់​​លាស់ ដូចនេះ​វាមិនធ្វើឱ្យ​មាន​ការ​ឈឺចាប់ ការអាម៉ាស់ ឬមានការខូ​ច​​ខាចកាន់តែខ្លាំង ជាពិសេសក្រុមប្តូរយេនឌ័រ។ តាមការវាយតម្លៃគម្រោងរយៈពេល៣ឆ្នាំរបស់អង្គការរ៉ាក់បានរកឃើញថា ក្នុងចំណោមក្រុម​អ្នកប្តូរយេនឌ័រ១២២ នាក់ មាន១០៥​នាក់ (៨៦%) ​មានបទពិសោធន៍ទទួលបានការរើសអើងនៅទីសារធារណៈ។ គាត់មានអារម្មណ៍ថាគាត់មិនត្រូវបាន​ស្វាគម៍ដោយផ្អែកលើឥរិយាបថជាច្រើន។

ជាក់ស្តែងមានមនុស្សជាច្រើនធ្លាប់រងគ្រោះដោយសារការបៀត បៀន ឬការរំលោភបំពាន។ ពួកគាត់ត្រូវបានចាត់​ទុកជាមនុស្សគ្មានអំណាច ហើយក្លាយជា«ជនរងគ្រោះ»។ ប៉ុន្តែ យើង​មិនអាចសន្មតថាមនុស្សទាំងអស់នោះនៅតែគ្មានអំណាច និងជាជន​រងគ្រោះ​រហូត​នោះ​ទេ ពួកគាត់មានអំណាចក្នុងការធ្វើការឆ្លើយតប អាចដឹងពីគំនិតល្អៗនូវអ្វី​ដែលគេអាចធ្វើបាន និងអ្វីដែលគេមិនអាចធ្វើបាន។ យើង គឺជាអ្នកផ្តល់ការគាំ​ទ្រ​ដល់ពួកគាត់ ហើយពួកយើងអាចបន្តការលើកទឹកចិត្ត ដើម្បីឱ្យពួកគេ​ធ្វើការ​សម្រេច​ចិត្ត ដែលមានការពិចារណាត្រឹមត្រូវទៅតាមអ្វីដែលពួកគាត់ចង់​បាន​។

សរុបមកការបៀតបៀន គឺមិនអាចទទួលយក​បានឡើយ ​ទោះបី​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ អ្នកប្រព្រឹត្ត គឺជាមិត្តរួមការងារ ជាអ្នកមានអំណាច ឬជាអ្នកធ្វើការ​ក្រោម​​​បង្គាប់ ហើយទោះបីជាការបៀតបៀននោះទាក់ទង ឬមិនជាប់ទាក់ទង​នឹង​ផ្លូវភេទ​ក៏​ដោយ។ ការបៀតបៀនគឺជាការរំលោភបំពានលើសេចក្តីថ្លៃថ្នូរ របស់បុគ្គល​ដែល​ត្រូវបាន​គេ​បៀត​បៀន​។ ការសំឡុត ការគំរាមកំហែង និងការចំអកក៏ជាផ្នែកមួយនៃ​ការ​បៀតបៀន​ដែរ។

 

មតិយោបល់