CAMSOC-ភ្នំពេញ៖ កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់ វិសាខា ។ នេះបើយោងតាមការប្រកាសផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។
នេះគឺជាដំណឹងដ៏រភើបសម្រាប់បងប្អូនអ្នកគាំទ្រកម្ពុជា ដែលទន្ទឹងរង់ចាំមើលការប្រកួតអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាល ទើបសាងសង់រួចរាល់កាលពីថ្មីៗ និងជាកន្លែងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជាបានខកខានក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយឯកឧត្តមបានអរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ។ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមបានប្ដេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អបំផុតនៅអាស៊ាន នាឆ្នាំក្រោយ។
សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគប្រកួត សហព័ន្ធនឹងបញ្ជាក់នាពេលក្រោយ ។ ប៉ុន្ដែ សមាជិករបស់ AFF ដែលមានសិទ្ធចូលរួមការប្រកួតថ្នាក់តំបន់នាពេលកន្លងមក គឺមានចំនួន ១២ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលីផងដែរ ៕
មតិយោបល់