ព័ត៌មានជាតិ

កាម៉ារីហាយព្រីត បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាត និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១០និង៤១នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មានបុរស០២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តកាម៉ារីហាយព្រីត ជ្រុលបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយរថយន្ដបង្ក បានរេចង្កូតទៅបុករះរថយន្តស៊េរីទំនើបចំនួន០៣គ្រឿងទៀត រងខូចខាតយ៉ាងដំណំ ទីតាំងកើតហេតុស្ថិតតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ភាគីខាងម៉ូតូ) ឈ្មោះ សូត្រ រដ្ឋវិជ្ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជនមួយកន្លែង ។

នៅមុនពេលកើតហេតុ គេឃើញបុរសចំនួន០២នាក់ សង្ស័យស្រវឹងស្រា បានបើកបររថយន្តកាម៉ារីហាយព្រីត ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2V7374 បានបើកបរធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ9563 បើកបរ ដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងទៅជើង ធ្វើឲ្យម្ចាស់ម៉ូតូបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ។

បន្ទាប់រថយន្ដបង្ក បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលបុករថយន្តស៊េរីទំនើបចំនួន០៣គ្រឿងទៀត ដែលបានចតនៅមុខផ្ទះគឺ៖ រថយន្តទី១ ម៉ាកឡិចស៊ីស RX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN9868 ។ រថយន្ដទី២ ម៉ាកឡិចស៊ីស 570KURO ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2BM7272 និងរថយន្តទី៣ម៉ាក BMW ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកម្ពុជា M.M.2828 បណ្តាលឲ្យ រថយន្តទាំង ០៣ គ្រឿងខាងលើ រងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះផងដែរ តៃកុងរថយន្តបង្ក បម្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះមកដល់ ទីតាំងកន្លែងកើតហេតុ បានហៅរថយន្តដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្រ្គោះបន្ទាន់ផងដែរ ។ ដោយឡែកវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីច្បាប់ ៕

មតិយោបល់