ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតផ្ទះខ្លួនឯង ធ្វើឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃ

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធា ករណីធ្វើឱ្យខូចខាតដោយចេតនា (ដុតផ្ទះខ្លួនឯង និងបណ្តាលឱ្យឆេះដល់ផ្ទះអ្នកដទៃ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១ ឈ្មោះ ហ៊ុន ឡាង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថ ទីលំនៅផ្ទះលេខ៤០ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី២ ឈ្មោះ ម៉ិច ស៊ីខួច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅផ្ទះលេខ៤២ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។

ការខូចខាត និងបាត់បង់៖ ខូចខាតផ្ទះថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ចំនួន០២ខ្នង និងផ្ទះថ្មអស់មួយចំហៀនចំនួន០១ ល្វែង ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង០០នាទី ជនសង្ស័យឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ឈ្លោះប្រកែកគ្នាជាមួយឈ្មោះ គង់ ស្រីឡែន ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) និងក្រុមគ្រួសារ អំពីរឿងជនសង្ស័យបានយកម៉ូតូកង់បីឥណ្ឌា ដែលក្រុមគ្រួសារបានទិញឱ្យប្រកបរបរដឹកភ្ញៀវ ទៅដាក់បញ្ជាំ យកលុយចំនួន ១០០ ដុល្លារអាមេរិក ទៅលេងល្បែងស៊ីសង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ហើយនៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យខឹងក្រុមគ្រួសារ ដែលបានយកលុយទៅលោះម៉ូតូកង់បីឥណ្ឌាត្រឡប់មកវិញហើយ មិនបានប្រគល់ម៉ូតូកង់បីឥណ្ឌាឱ្យរូបគេ (ជនសង្ស័យ) យកទៅដឹកភ្ញៀវវិញ ក៏បានទៅទិញសាំង ពីស្ថានីយ៍ឥន្ធនៈតេលា ផ្លូវវេងស្រេង ក្បែរទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួនកន្លះលីត្រ យកមកចាក់លើការ៉ូក្នុងផ្ទះរបស់គេ (ជនសង្ស័យ) ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់មកជនសង្ស័យក៏បានយកដែកកេះដុតសាំងនោះ បណ្តាលឱ្យភ្លើងឆាបឆេះសន្ធោរសន្ធៅ ឆេះផ្ទះរបស់ជនសង្ស័យ ដែលសង់អំពីថ្មខាងក្រោម និងឈើខាងលើ ប្រក់ដំបូលស័ង្កសី ទំហំ ៥ ម៉ែត្រ គុណ ១៥ ម៉ែត្រ អស់ចំនួន០១ខ្នង ហើយក៏បានរាលដាល ទៅឆេះដល់ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហ៊ុន ឡាង ភេទប្រុស អាយុ៤៨ឆ្នាំ ដែលសង់ អំពីថ្មខាងក្រោយ និងឈើខាងលើ ប្រក់ដំបូលស័ង្កសី ដែរ មានទំហំ ៧ម៉ែត្រ គុណ ១៧ម៉ែត្រ អស់ចំនួន០១ខ្នងទៀត រួចធ្វើឱ្យអណ្តាតភ្លើង ឆេះរោលខូចខាតផ្ទះថ្មរបស់ជនរងគ្រោះឈ្មោះ ម៉ិច ស៊ីខួច ភេទស្រី អាយុ៣០ឆ្នាំ អស់មួយចំហៀង ថែមទៀត ។
ហើយនៅពេលដែលមានអគ្គិភ័យកំពុងឆេះនោះ សមត្ថកិច្ចយើងបានហៅ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ឱ្យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើ រហូតដល់វេលាម៉ោង២៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបបានពន្លត់អគ្គិភ័យខាងលើ រលត់ទាំងស្រុង ហើយ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ។

ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ហ៊ុន ឡាង និងឈ្មោះ ម៉ិច ស៊ីខួច ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីទាមទារសំណងនៃការខូចខាតទ្រព្យសម្បតិ្តនិងសុំឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យទៅ តាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់