ព័ត៌មានជាតិ

កម្លាំងនគរបាលការពារព្រំដែនខ្មែរ-ឡាវ រឹបអូសគ្រឿងញៀនបានចំនួន ១០ការ៉ុង ដែលមានចំនួន ១៧០ដុំ

ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង កាលពីព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយរបស់ក្រុមឧក្រិដ្ឋកម្មជនឡាវ និងបានរឹបអូសគ្រឿងញៀនចំនួន១៧០កញ្ចប់ធំ ដែលតាមការប៉ាន់ ស្មានគឺប្រមាណ១៧០គីឡូក្រាម។

កម្លាំងនគរបាលវរការពាព្រំដែនប៉ុស្ដិ៍អូរស្វាយ និងកម្លាំងប្រតិបត្តិការសឹករងស្រុកបូរីអូរស្វាយ ខេត្ត ស្ទឹងត្រែង បានសហការគ្នាប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមទូក ក្នុង​គោលបំណង​ជួញដូរ ដែលមានប្រភពចេញមកពីប្រទេសឡាវ។

សមត្ថកិច្ច បានឱ្យដឹងថា គ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនដឹកតាមទូកចេញមកពីកោះ ស្ដាំ ក្នុងទឹកដីឡាវ ហើយឆ្លងចូលមកទឹកដីកម្ពុជា​ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលវរការពារព្រំដែន ដែល ​កំពុងចេញល្បាត ​ដេញស្ទាក់ឃាត់បាននៅចំណុចក្បាលកោះល្ង ក្នុងស្រុកបូរីអូរស្វាយសែនជ័យ ។

សមត្ថកិច្ច មិនបានឃាត់ខ្លួនឧក្រិដ្ឋជួញដូរគ្រឿងញៀនទាំងនោះទេ ​ដោយសារពួកគេគេចខ្លួនបាន ចំណែកគ្រឿងញៀន ​ដែលរឹបអូសបាន ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃ​ការិយាល័យ​ប្រឆាំងគ្រឿងញៀនស្នងការខេត្តស្ទឹងត្រែង ៕

មតិយោបល់