ព័ត៌មានជាតិ

ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ត្រូវបានជនខិលខូច ទន្ទ្រានឈូឆាយយកធ្វើកម្មសិទ្ធ នៅខេត្តកំពង់ធំ

កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានបាត់បង់ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិ ឯដីព្រៃលិចទឹកមួយចំនួនទៀត ក៏មានការឃុបឃិតពីអាជ្ញាធរមួយចំនួនផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មានផ្ទាល់ ឲ្យដឹងថា ដីព្រៃលិចទឹក ជាដីតំបន់៣ នៅចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដែនការពារដោយជំនាញជលផល ត្រូវបានជនខិលខូចយកត្រាក់ទ័រចំនួន ជាច្រើនគ្រឿងលួចចូលឈូសឆាយ ធ្វើសកម្មភាពតែមួយពព្រិចភ្នែកបាត់អស់ព្រៃលិចទឹក។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋខាងលើនេះ គឺពួកគេធ្វើសកម្មភាព រហូតវាលអស់ទៅហើយ ទើបតែផ្អាកសកម្មភាពនៅខែកញ្ញា ឆ្នាំ២០២១នេះទេ ក្រោយពីបែកការណ៍ដល់ក្រុមអ្នកសារព័ត៌មាន។

បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចនោះ ត្រូវបានគេឈូសឆាយអស់ជាច្រើនហិកតា ស្ថិតនៅចំណុចខាងលើនេះ ដោយមិនឃើញមានសមត្ថកិច្ច និងអាជ្ញាធរនៅតំបន់នោះធ្វើការទប់ស្កាត់ឬចាត់វិធាការនៅឡើយទេ។ ដីព្រៃលិចទឹកខាងលើនេះ គឺស្ថិតជាប់ និងព្រំប្រទល់ស្រុកកំពង់លែងខេត្តកំពង់ឆាំង ។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ព្រៃលិចទឹកនៅចំណុចនេះមានរាប់ រយហិកតា ដែលពីមុនមានសមត្ថកិច្ចជលផលប្រចាំការ ការពារព្រៃលិចទឹករបស់រដ្ឋនៅតំបន់នោះ ទើបនៅសល់ យើងចាំបានថាកាលប៉ុន្មានឆ្នាំមុនសមត្ថកិច្ចចម្រុះក៏ធ្លាប់ចុះបង្ក្រាបចាប់យកត្រាក់ទ័រមួយចំនួនបញ្ជូនទៅតុលាការ និងបានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលឈូសឆាយធ្វើស្រែលើដីនោះ និងទីតាំងមួយចំនួនផ្សេងទៀតស្ថិតនៅតំបន់ក្បែរនោះផងដែរ។

ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីជលផលមួយចំនួនភ្លេចភារកិច្ចរបស់ខ្លួន ក៏ស្រាប់តែមានគេចូលមកលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ នៅចំណុចខាងលើនេះបានយ៉ាងរលូន។ ដូចនេះប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញជលផល ជួយទប់ស្កាត់ និងបង្ក្រាបការពារព្រៃលិចទឹកដែលបច្ចុប្បន្ននៅសេសសល់បន្តិចបន្តួចនេះឲ្យបានគង់វង្ស ទុកសម្រាប់ជាជម្រកត្រីពងកូន ខ្លាចក្រែងបន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយ: ហើយក្រោយមកក៏ស្រាប់តែដីនេះបានក្លាយទៅ ជាដីកម្មសិទ្ធិឯកជនរបស់បុគ្គលមានលុយមានអំណាចណាផ្សេង ដែលមិនមែនសម្បត្តិរបស់រដ្ឋទៅវិញ។

ទាក់ទងនឹងករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌជលផលខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មានយើង តាមទូរស័ព្ទឲ្យដឹងថា ដីនៅចំណុចនេះលោកបានចុះទៅមើលរួចហើយ គឺជាដីស្ថិតក្នុងតំបន់៣ពិតមែន តែមិនស្គាល់ម្ចាស់ ខ្ញុំបានកសាងសំណុំរឿងដាក់ពាក្យប្ដឹងទៅតុលាការរួចរាល់ហើយ។

ដោយឡែកអាជ្ញាធរប្រចាំការនៅនោះ និងមន្ត្រីជំនាញ ដែលបានចូលរួមពិនិត្យទីតាំងដីព្រៃ លិចទឹកខាងលើនេះ អ្នកសារព័ត៌មាន បានព្យាយាមទូរស័ព្ទទំនាក់ទំនង ដើម្បីសួរព័ត៌មាន ពីទំហំដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចនោះ ថាតើមានទំហំប៉ុន្មានហិកតា ហើយតើរយ:ពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេលួចឈូសឆាយអស់ទំហំប៉ុន្មានហិកតា។ ប៉ុន្តែមិនអាចទាក់ទងតាមរយ:ទូរស័ព្ទបានឡើយ៕

ប្រភព៖​​​​​​ BTV

មតិយោបល់