ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ យុវជនដែលបានជេរ ប្រមាថមើលងាយ និង គម្រាមវា.យលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកនោះ ចំនួន៥ បទល្មើស និងប្រឈមជាប់គុក រហូតដល់ ៣ ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។
លោកប្លង់ សុផល ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការ បានថ្លែងឲ្យដឹងថា ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ពីបទ : បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក , បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ , បទ ហិង្សាដោយចេតនា , បទ ប្រមាថ និង បទ ប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខឯកជន ។
ជនត្រូវចោទត្រូវបានចាប់ខ្លួនកាល ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានធ្វើសកម្មភាព ជេរប្រមាថមើលងាយ និងដេញវាយ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកម្នាក់ប្រព្រឹត្តកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ ២៧១ កែងនឹងផ្លូវលេខ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ៕
ប្រភព៖ CEN









មតិយោបល់