ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
ក្រុមការងារត្រូវបានបែងចែកជា៦ក្រុមធំៗ ក្នុងនោះរួមមាន ក្រុមទទួលបន្ទុកខេត្តកំពង់ឆ្នាំង ក្រុមទទួលបន្ទុកខេត្តពោធិ៍សាត់ ក្រុមទទួលបន្ទុកខេត្តបាត់ដំបង ក្រុមទទួលបន្ទុកខេត្តបន្ទាយមានជ័យ និងសៀមរាប ក្រុមទទួលបន្ទុកខេត្តកំពង់ធំ និងក្រុមទទួលសម្របសម្រួល និងបូកសរុប។
ក្រុមការងារទទួលបន្ទុកខេត្ត សហការសម្របសម្រួលជាមួយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជួនក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុបបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។
ក្រុមទទួលបន្ទុកសម្របសម្រួល និងបូកសរុបគឺមានភារកិច្ច បូកសរុបលទ្ធផលការងារចុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនថ្នាក់ដឹកនាំក្រសួងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។
ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់ ដើម្បីធ្វើយ៉ាងណាត្រូវទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ។
សូមបញ្ជាក់ផងដែរថា ការបង្កើតក្រុមការងារខាងលើនេះ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសារជាសម្លេង កាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាអោយមន្ត្រីពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រានព្រៃលិចទឹកដីនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះសម្តេចបានលើកចំៗចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង ទំនងជាឯកឧត្តម ឈួរ ចាន់ឌឿន ដែលបានទន្រ្ទានដី ព្រៃលិចទឹកប្រមាណជាង ២ពាន់ហិចតា ដោយសម្តេចបញ្ជាឲ្យរឹបអូសជាកម្មវត្ថុសម្រាប់ការដាំ ព្រៃឈើឡើងវិញទុកជាសម្បត្តិរដ្ឋ ហើយអ្នកប្រព្រឹត្តិខុសច្បាប់ត្រូវទទួលទោសដោយគ្មានការលើកលែង៕
មតិយោបល់