ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ដែលគ្រោងចាប់ផ្តើមប្រកួតនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដើម្បីត្រៀមប្រជែងជាមួយក្រុមបាល់ទាត់ជម្រើសជាតិនានា ក្នុងអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២០ ដែលពន្យារពេលមកឆ្នាំ២០២១នេះ។
លោក ភា សុភ័ក្រ្តា គ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គូសបញ្ជាក់ថា យើងមានពេលវេលាមួយចំនួន ក្នុងការប្រមូលផ្តុំហ្វឹកហាត់ជុំគ្នានៅក្នុងស្រុក ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបង្កើនបច្ចេកទេសកាយសម្បទា។ បើយើងហ្វឹកហាត់នៅប្រទេសសិង្ហបុរីផ្ទាល់ ដែលជាកន្លែងប្រកួតនោះ គឺមានពេលវេលាខ្លីពេក ដូច្នេះការហ្វឹកហាត់ត្រៀមនេះជាឱកាសល្អ ដើម្បីឱ្យកីឡាករទាំងអស់បានធ្វើហ្វឹកហាត់គ្រប់ទម្រង់។ ក្រុមកម្ពុជានឹងត្រូវចេញដំណើរនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយលើកនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានអនុញ្ញាតឱ្យនាំកីឡាករជម្រើសជាតិរបស់ខ្លួនចំនួន ៣០នាក់ ប៉ុន្តែនៅក្នុងបញ្ជីផ្លូវការ គឺមានចំនួន២៣នាក់។ ការកំណត់ឱ្យមានកីឡាករច្រើន សម្រាប់ព្រឹត្តិការណ៍នេះ គឺដើម្បីបង្ការនូវជំងឺកូវីដ-១៩ ដោយយថាហេតុ។
គ្រូជំនួយដែលដឹកនាំការប្រមូលផ្តុំហ្វឹកហាត់នេះបញ្ជាក់ថា បញ្ជីកីឡាករចំនួន៣០នាក់នេះ គឺផ្តោតសំខាន់លើ៣ចំណុចសំខាន់ៗ គឺទី១-ត្រៀមការប្រកួត Suzuki Cup នេះផង។ ទី២- គឺត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។ ទី៣-គោលដៅត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ការប្រកួត AFF SUZUKI CUP 2020 នេះ ពូល A រួមមាន៖ ម្ចាស់ផ្ទះសិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ហ៊្វីលីពីន, និងក្រុមទីម័រខាងកើត។ ចំណែកឯពូល B មានដូចជា ក្រុមកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០១៨។ សម្រាប់៤ប្រកួតរបស់កម្ពុជា គឺត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១, ប៉ះជាមួយក្រុមឥណ្ឌូណេស៊ី, បន្តប៉ះជាមួយក្រុមឡាវ និង១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល គឺប៉ះជាមួយក្រុមវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ៕
មតិយោបល់