បន្ទាប់ពីធ្វើការសាកសួរ មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ ដំបង បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃ លិចទឹកប្រមាណ៥០ហិកតា ទៅកាន់តុលាការ ខេត្តបាត់ ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាម៉ោង១១ថ្ងៃត្រង់ទី៣០ខែវិច្ឆិកា ។
ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្ត បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជា មួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាលពីម៉ោង៦កន្លះព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោងក្បែរដីព្រៃដែលរុករានប្រមាណ ៥០ហិចតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំបង ។
ទីតាំងដែលឃាត់ស្ថិតនៅតំបន់បី ដោយជនសង្ស័យទាំងនោះបានសារភាពថា ពួកគេបានរុករាន ធ្វើស្រែ ចំនួនបីលើកមកហើយ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីជលផលឃាត់ខ្លួន។
ជនសង្ស័យទាំង៧នាក់ដែលឃាត់ខ្លួននេះមាន ១. ឈ្មោះ ប៉ិប ហាក់ អាយុ៣៦ឆ្នាំ ២. ឈ្មោះងួន គក់ ភេទប្រុសអាយុ៤១ឆ្នាំ ៣.ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុសអាយុ២៤ឆ្នាំ ៤. ឈ្មោះ ងី ថង ភេទប្រុសអាយុ ២០ឆ្នាំ ៥. ឈ្មោះ គង់ សុរិន្ទ ភេទប្រុសអាយុ៥៤ឆ្នាំ ៦.ឈ្មោះ ប៉ិប ផន ភេទប្រុសអាយុ ៣០ឆ្នាំ អ្នកទាំង៦នាក់ជាកសិករ រស់នៅភូមិគោក ដូង ឃុំពាមឯក ស្រុកឯកភ្នំ និង ទី៧ ឈ្មោះ ងួន វណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ កសិកររស់នៅភូមិពេជ្រសង្វា ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ និង ជនសង្ស័យទី៨ ឈ្មោះ ហៃ ឆៃ អាយុ១៣ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯកស្រុកឯកភ្នំ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតត្រាក់ទ័រ មួយគ្រឿង គោយន្ត ១គ្រឿង កាណូតស្មាច់ ២ គ្រឿង និង ម៉ាស៊ីនកាណូតមួយគ្រឿង ។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរុករានដីព្រៃលិច ទឹកខាងលើនេះ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសឱ្យបង្រ្កាបនិងដកហូតដីព្រៃលិចទឹកដែលជនល្មើសបានរុករានទន្រា្ទន យកមកវិញទាំងអស់ មិនលើកលែងឡើយ។
មន្រ្តីជំនាញឱ្យដឹងថា តាម ច្បាប់ជលផល មាត្រា៩៨ ការឆ្ការគាស់រាន ឈូសឆាយព្រៃ លិចទឹក ត្រូវមានទោស ជាប់ ពន្ធនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ ។
សូមបញ្ជាក់ថា បើតាមរបាយ ការណ៍របស់គណ:កម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន ១២ ២២៥.៨ហិកតា ចំនួន២៩ ទីតាំង ។ ក្នុងនោះ ស្រុកមោងឫស្សី មាន៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន ១១ទីតាំង , ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន៣០៥៣ហិកតា, ស្រុកថ្មគោល រុករាន ៤ ឃុំ ៨៣៥ហិចតា ៨ទីតាំង និង ស្រុកសង្កែ រុករាន៤ឃុំ អស់ ៦១១៤ហិកតា មាន៦ ទីតាំង ៕
មតិយោបល់