កីឡាករសរុប ១៣នាក់នៃក្លិបបាល់ទាត់ព័រទុយហ្កាល់ Belenenses ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានមេរោគ Covid-19 បម្លែងខ្លួនថ្មីអូមីក្រុង។ ការប្រកួតកាលពីថ្ងៃសៅរ៍ដែលត្រូវបាន Benfica នាំមុខ ៧-០ មុនការប្រកួតត្រូវផ្អាកនោះ Belenenses មានកីឡាករតែ ៩នាក់ប៉ុណ្ណោះលើទីលានហើយក្នុងចំណោម ៩នាក់នោះមាន ២នាក់ជាអ្នកចាំទីទៅទៀត មុនពេលដែលវគ្គទី២ នៅសល់គ្នាតែ ៦នាក់ដោយសាររបួស។
កីឡាករ ១៣នាក់ដែលដំបូងរកឃើញវិជ្ជមាន Covid-19 នោះនៅពេលនេះត្រូវបានបញ្ជាក់ហើយថាជាមេរោគ Covid-19 បម្លែងខ្លួនថ្មីអូមីក្រុង បន្ទាប់ពីមានកីឡាករម្នាក់ក្នុងចំណោមនោះធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។ ខ្សែការពារ Cafu Phete គឺជាកីឡាករដែលមកពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីត្រឡប់មកពីជួយក្រុមជំរើសជាតិប្រកួតជំរុះ World Cup វិញ។ អ្នកនាំពាក្យក្លិប Belenenses ថា កីឡាករ និងមន្ត្រីក្លិបសរុប ៤៤នាក់ត្រូវបានដាក់នៅដាច់ដោយឡែកតែភាគច្រើនសុទ្ធតែមានអការៈធម្មតា។ ទាំង Benfica និង Belenenses បានរិះគន់លីគបាល់ទាត់ព័រទុយហ្កាល់ដែលមិនអនុញ្ញាតឱ្យលុបចោលការប្រកួត ខណៈដែលលីគឆ្លើយតបថា មិនបានទទួលលិខិតស្នាមសុំផ្អាកការប្រកួតពីក្លិបទាំងពីរ៕
មតិយោបល់