ព័ត៌មានជាតិ

អូស្រ្តាលី រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ក្នុងសហគមន៍ជាលើកដំបូង

(ស៉ីដនី)៖ អូស្ត្រាលីបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron ក្នុងសហគមន៍ជាលើកដំបូងរបស់ខ្លួន ប៉ុន្តែនៅតែរក្សាផែនការ បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាធម្មតា ដោយសង្ឃឹមថាវីរុសបំប្លែងថ្មីនេះនឹងមានភាពស្រាលជាងវីរុសបំប្លែងខ្លួនប្រភេទមុនៗ។

ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron ខាងលើ ត្រូវបានរកឃើញនៅលើសិស្សសាលាមកពីទីក្រុងស៊ីដនី និងជាមនុស្សម្នាក់ដែលមិនបានធ្វើដំណើរចេញទៅក្រៅ ប្រទេសឡើយ ដែលវាជាសញ្ញាមួយបង្ហាញថា វាកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍ហើយ នាពេលឥឡូវនេះ។ បច្ចុប្បន្ន មិនទាន់មានភស្តុតាងបញ្ជាក់បានថាតើវីរុស បំប្លែងខ្លួនថ្មី Omicron នឹងបង្កឱ្យយើងស្ថិតនៅកន្លែង ជាប់គាំងដូចដែលវីរុសបំប្លែងខ្លួនប្រភេទមុនៗបានបង្កដែរ ឬយ៉ាងណានោះទេ។

អូស្ត្រាលី បានកត់ត្រានូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron សរុបចំនួន ០៩ករណីហើយ ដែល ០៨ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ NSW ជាកន្លែងដែលមួយភាគបីនៃប្រជាជនសរុបចំនួន ២៥លាននាក់របស់ប្រទេសនេះរស់នៅ ស្របពេលប្រទេសជាច្រើននាំគ្នាដាក់ចេញវិធានការរឹតត្បិតឡើងវិញ៕

ប្រភព៖​​​​​​ AFP

មតិយោបល់