ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រិះគន់អាវុធហត្ថលើផ្ទៃប្រទេសថា មិនលើកលែងសូម្បីឈើរបស់ព្រះសង្ឃ

ស្ទឹងត្រែងៈ អាវុធហត្ថលើផ្ទៃប្រទេសដែលថ្នាក់លើបានដាក់បទបញ្ជាឲ្យចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង ត្រូវរងការរិះគន់ធ្ងន់ៗពីសំណាក់ប្រជាពលរដ្ឋថាមានភាពលំអៀង។ គួររំលឹកថា រយៈពេលប៉ុន្មានខែកន្លងមកនេះគេសង្កេតឃើញថា គឺមានការចុះបង្ក្រាប និងចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតបានជាច្រើនគ្រឿង ហើយការបង្ក្រាបនោះគឺពុំឃើញមានការឃាត់ខ្លួនមនុស្សទេ ប៉ុន្តែនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តសាំយ៉ុងដឹកឈើសុក្រំ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ដែលដឹកចេញពីស្រុកឆែប ខេត្តព្រះវិហារ ក្នុងបំណងយកទៅខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ប៉ុន្តែពេលដែលរថយន្តខាងលើ
មកដល់ចំណុចហួសផ្លូវបំបែកទៅខេត្តព្រះវិហារបន្តិច លើកំណាត់ផ្លូវជាតិលេខ៧ ក្រុងស្ទឹងត្រែង ក៏ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់ចាប់បាន ព្រមទាំង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួចប្រគល់ឲ្យទៅសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការតាមច្បាប់តែម្តង។ បន្ទាប់ពីចាប់រថយន្តដឹកឈើខាងលើនោះបានមួយថ្ងៃ ទើបដឹងថាឈើទាំងអស់នោះ គឺជាឈើរបស់ព្រះចៅអធិការវត្ត ព្រះនាម សូរ អោក ដែលលោកយកមកធ្វើទ្វារព្រះវិហារ និងធ្វើវត្ត(ពោធិវណ្ណារាម)ហៅ(វត្តភូមិធំ)ស្ថិតក្នុងភូមិធំ ឃុំសណ្តាន់ ខេត្តក្រចេះ។

បច្ចុប្បន្ន ព្រះចៅអធិការនិងព្រះសង្ឃដទៃទៀត ព្រមទាំងអាចារ្យវត្ត គណកម្មការវត្ត បានធ្វើដំណើរពីខេត្តក្រចេះមកខេត្តស្ទឹងត្រែង ដោយយកមកជាមួយនូវលិខិតបញ្ជាក់ពីមេឃុំសណ្តាន់ឈ្មោះ ស៊ីវ ស៊ីមឿន ចូលមកតុលាការខេត្តក្នុងបំណងសុំបិណ្ឌបាតមនុស្សទាំង៣នាក់នោះ រួមទាំងឈើដែលសមត្ថកិច្ចបង្ក្រាបនោះពីតុលាការខេត្តស្ទឹងត្រែងវិញ ដោយក្តីអនុគ្រោះ ប៉ុន្តែតុលាការមានចំណាត់ការយ៉ាងណានោះ គឺមិនទាន់ដឹងនៅឡើយទេ។

ទង្វើរបស់សមត្ថកិច្ចនេះ ធ្វើឲ្យពលរដ្ឋរិះគន់ថា ចាប់បានតែអ្នករកស៊ីតូចតាច ចំពោះអ្នករកស៊ីដែលជាឈ្មួញធំៗវិញមិនបង្ក្រាបទេ។ ប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ចអ្នកអំណាចទាំងអស់ថា បើអាចអនុគ្រោះបានគួរតែអនុគ្រោះទៅ ព្រោះបើអស់លោកយកច្បាប់មកអនុវត្តតាំងពីមុន ម្លេះមកដល់ពេលនេះ ព្រៃឈើក៏មិនរលាយដែរ។ កុំអាងតែអំណាច ចាប់បានតែប្រជាពលរដ្ឋរកស៊ី ដូរអង្ក ដូរបាយបន្តិចបន្តួចអី បើចាប់គឺចាប់ទាំងអស់ទៅ។

សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះគេសង្កេតឃើញមានរថយន្តតាក់ស៊ីសាំយ៉ុងជាច្រើនគ្រឿង បានដឹកគ្រឿងសង្ហារឹម និងមួយចំនួនទៀតមានបង្កប់ឈើប្រណិតដែលមិនទាន់កែរច្នៃរួច(ឈើឆៅ)ចេញពីខេត្តស្ទឹងត្រែងទៅភ្នំពេញមួយចំនួន និង មួយចំនួនទៀតដឹកឈើចេញពីស្រុកសៀមប៉ាង ស្រុកសេសាន និង ស្រុកថាឡាបរិវ៉ាត់ ចូលមកទីរួមខេត្តដែលភាពច្រើនត្រូវគេដឹងថាក្រុមឈ្មួញទាំងអស់នោះបានរត់ការបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវមានសមត្ថកិច្ចខ្លះបង់ប្រចាំខែ និងសមត្ថកិច្ចខ្លះទៀតគិតរាប់ជើងយកលុយពីក្រុមឈ្មួញទាំងនោះផងដែរ។ ហើយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទាំងអស់នោះ បាននាំគ្នាប្រើរូបភាពទាំងអស់នេះធ្វើជាអាជីវកម្មរបស់ខ្លួនរាល់ថ្ងៃផងដែរ៕

ចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃចាប់ឈើព្រះសង្ឃ

មតិយោបល់