ព័ត៌មានជាតិ

ប្លន់ទៀតហើយ! ពលរដ្ឋក្នុងខណ្ឌឬស្សីកែវ អស់ជំនឿលើលោក ហ៊ាង ថារ៉េត អធិការទើបទ្បើងកាន់តំណែងថ្មី អសមត្ថភាព ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ ទើបតែចេញពីខារ៉ាអូខេ ហើយហៅកង់បីឥណ្ឌា ជិះត្រលប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ១ ក្រុមជិះរថយន្ត១គ្រឿងមកពីក្រោយ រួចកាក់ឲ្យឈប់ ហើយយកកាំបិតចុងស្រួចភ្ជង់ប្លន់ យកកាបូកលុយបានសម្រេច បន្ទាប់មកក៏ឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ត្រង់ចំណុចមុខផ្ទះឯឧត្ដមជាសុផារ៉ា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកម្ចាស់កង់បីឥណ្ឌាឈ្មោះ ហឿន ណុប អាយុ៣៧ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលម្តុំទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមប្រភពពីម្ចាស់កង់បីឥណ្ឌា បានឲ្យដឹងថា មុនពេលកើតហេតុបុរសជាជនជាតិកូរ៉េម្នាក់ ទើបតែចេញពីខារ៉ាអូខេ នៅម្ដុំផ្សារអូឡាំពិច បានហៅកង់បីឥណ្ឌារបស់គាត់ ពណ៌ស ពាក់ស្លាកលេខ តាកែវ1P-8671 ជិះត្រលប់ទៅផ្ទះវិញ នៅបុរីប៉េងហួត៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។
លុះមកដល់ចំណុចកើតហេតុ មិនទាន់ដល់ផ្ទះផងនោះ ស្រាប់តែលេចជនសង្ស័យ១ក្រុម មានគ្នា៣នាក់ បើករថយន្តមួយគ្រឿង ម៉ាស្តារិច ពណ៌ខ្មៅ ស្លាកលេខយកក្រណាត់បាំងជិត បើកមកកាក់ពីមុខកង់បីឥណ្ឌា រួចជនសង្ស័យ២នាក់ បានចុះពីលើរថយន្តបិតមុខជិត ឃើញតែប្រឡោះភ្នែក ដៃកាន់កាំបិតចុងស្រួចម្នាក់ យកមកភ្ជង់យកកាបូកលុយពីជនរងគ្រោះបានហើយ ក៏ឡើងរថយន្តជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។

ប្រភពដដែលបន្តទៀតថា ក្នុងកាបូកលុយរបស់ជនរងក្រោះ មិនដឹងថាគាត់មានលុយប៉ុន្មាននោះទេ ក្រោយពីជនសង្ស័យ បានបើករថយន្តទៅបាត់។ រូបគាត់ជាម្ចាស់កង់បី បានដឹកជនរងគ្រោះជាភ្ញៀវរហូតដល់ផ្ទះរបស់គាត់ ក្នុងបុរីប៉េងហួត រួចហើយកត្រលប់មកវិញ មកដល់ចំណុចកើតហេតុ បានជួបក្រុមអ្នកសារព័ត៌មានជាច្រើននាក់ បានសាកសួរ មួយសន្ទះក្រោយមកកបានឃើញសមត្ថកិច្ចបីនាក់ បានមកដល់ចំណុចកើតហេតុ ហើយក៏ឲ្យម្ចាស់កង់បីឥណ្ឌា ជូនទៅចង្អុលផ្ទះជនរងគ្រោះ រង់ចាំព្រឹកឡើងហៅជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ លួចប្រាប់ Post News ថា អស់ជំនឿលើលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវទើបទ្បើងកាន់តំណែងថ្មី អសមត្ថភាព ក្នុងការទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ចោរលួចចោរឆក់បាន ខណ:កេរ្តិ៍ឈ្មោះរបស់លោក ធ្លាប់ត្រូវបានគេស្គាល់ថា ជំនាញខាងព្រហ្មទណ្ឌជាច្រើនឆ្នាំមកហើយ នៅខណ្ឌចម្ការមន តែពេលនេះផ្ទុយស្រទ្បះ សង្ស័យលោក មិនសូវនៅអធិការខណ្ឌ ហើយមកនៅតែផ្ទះទេដឹង។

មួយរយ:ចុងក្រោយនេះ ក្នុងខណ្ឌឬស្សីកែវ មានករណីប្លន់ឆក់មិនទាន់ស្ងាត់ផង ក៏ចាប់ផ្ដើមកក្រើកទ្បើងវិញ ធ្វើឲ្យពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព ជុំវិញការធ្វើដំណើរតាមដងផ្លូវ ដោយពួកគាត់ដេកលែងលក់ហើយ សូមកុំឲ្យពលរដ្ឋបន្តការរិះគន់ទៀត៕

មតិយោបល់