កំពង់ចាម៖ កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលខេត្តស្វាយ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត (កាប់ដោយកាំបិតខ្វែវ) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយពីហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញា បានចំនួន០១នាក់ ឈ្មោះ ឆេន ឆៃវុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយខេត្តកំពង់ចាម ដែលបានរត់គេចខ្លួន ហើយបានបន្ទាប់ពីធ្វើសកម្មភាពរួច ។
ដោយមានការចង្អុលការដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ទទួលផែនសន្តិសុខ និងឯកឧត្តម អភិបាល នៃគណអភិបាលខេត្តកំពង់ចាម និងដោយមានកិច្ចសហប្រតិបត្តិការល្អ ពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី សមត្ថកិច្ច បានសហការស្រាវជ្រាវចាប់ខ្លួនឈ្មោះ ឆេន ឆៃវុត បាននៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនលេខ ១៥ អ.យ.គ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ ចាម (ដោយក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបខាងលើ ធ្វើឡើងក្នុងរយៈពេល២០ថ្ងៃប៉ុណ្ណោះ)។
ក្រោយការសួរចម្លើយឈ្មោះ ឆេន ឆៃវុត បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ពិតប្រាកមែន (មូលហេតុធ្លាប់មានទំនាស់ជាមួយគ្នា ពេលលេងបាល់ កាលពីរយៈពេល០២ខែមុន)។
បច្ចបុ្បន្នឈ្មោះ ឆេន ឆៃវុត ត្រូវបានបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់