ព័ត៌មានជាតិ

កម្លាំងនគរបាល​ឃាត់​ម៉ូតូ​ បើក​បញ្ច្រាសទិស​១៣​គ្រឿង ​និង​ណែនាំ​អាជីវករ​បញ្ឈប់​ ការ​តាំង​លក់ទំនិញ​លើ​ទ្រូងផ្លូវ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​តែង​រង​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម ​ពី​សំណាក់​អាជីវក​រដាក់​លក់ទំនិញ​ អាហារ​ តាម​រទេះ​និង​ការ​ដាក់​តាំង​លក់ទំនិញ​ សម្ភារៈ​ ឧបករណ៍​ផ្សេងៗ​ខាង​មុខ​ផ្ទះ​រឺ​ខាង​មុខ​ហាង​ ក្រុមហ៊ុន ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ ត្រូវ​បាន​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​
​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​រៀបចំ​ពង្រឹង​អនុវត្ត​សណ្តាប់ធ្នាប់ ​និង​រំដោះ​បាន​កំណាត់​ទ្រូងផ្លូវ​នៅ​ម្តុំ​នោះ ​ឱ្យ​បាន​ធំ​ទូលាយ​នឹង​ឱ្យ​មាន​របៀប​រយ​ល្អ​ឡើង​វិញ​នោះ​ហើយ​ ។

​ជាមួយ​គ្នា​នោះ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ ​ក៏​បាន​ឃាត់​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ចំនួន​១៣​គ្រឿង​ យក​មក​ផាកពិន័យ​តាម​ផ្លូវច្បាប់​ នឹង​ការ​ណែនាំ​ដល់​អាជីវករ​ ត្រូវ​បញ្ឈប់​ការ​តាំង​លក់ទំនិញ​ ម្ហូបអាហារ​ ឧបករណ៍​សម្ភារៈ​ផ្សេងៗ​ រំលោភ​លើ​ទ្រូងផ្លូវ​នេះ​តទៅ​ទៀត ​ដើម្បី​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ ​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ​។​

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ​ពី​សំណាក់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់ ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ សែ​ម​ គ​ន្ធា​ ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ និង​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ រាជធានី​ភ្នំពេញ ​។​

លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ប្រាប់​ឱ្យ​ដឹង​ថា​​ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​គោលដៅ​ខាងលើ ​គឺ​ដើម្បី​ពង្រឹង​អនុវត្ត​លើ​ការងារ​សណ្តាប់ធ្នាប់ ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ​ខណៈ​ដែល​នៅ​គោលដៅ​នេះ​គឺ​តែងតែ​រង​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​រង​ការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ ​ដែល​ផ្លូវ​មាន​ភាព​ចង្អៀត​ដោយសារ​ការ​រំលោភ​លើ​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម ​របស់​បងប្អូន​អាជីវករ ​និង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បើកបរ​បញ្ច្រាសទិស​ ។

​លោកនាយ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ការ​ចុះ​អនុវត្ត​ពង្រឹង​លើ​ការងារ​សណ្តាប់ធ្នាប់​នេះ​ផង​ដែរ​គឺ​កម្លាំង​បន្ត​អនុវត្ត​ម៉ឺងម៉ាត់​បំផុត ​តាម​បទបញ្ជា​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​ក្នុង​ការ​ចុះ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​ ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ដោយ​កម្លាំង​បន្ត​ត្រួតពិនិត្យ​ជា​ប្រចាំ​ បើ​ក្នុង​ករណី​បងប្អូន​អាជីវករ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ គឺ​នឹង​ចាប់​យក​ទំនិញ​ ឧ​បរ​ណ៍​ សម្ភារៈ​ ដើម្បី​ផាកពិន័យ​តាម​ច្បាប់ ​។​

​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​​ ជុំវិញ​នៃ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ កម្លាំង​ការិយាល័យ​សណ្តាប់ធ្នាប់​ នឹង​បន្ត​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ ​ដើម្បី​បន្ត​ចេញ​ដោះស្រាយ​ទៅ​លើ​បញ្ហា​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ឱ្យ​មានគុណ​ភាព​ប្រសិទ្ធភាព​ និង​ឱ្យ​ល្អ​ប្រសើរ​ក្នុង​នោះ​ក៏​អំពាវនាវ​ ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​សុវត្ថិភាព​ ចរាចរណ៍​ នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ តាម​រយៈ​នៃ​ការ​ចូលរួម​គោរព​ច្បាប់ ​និង​សេចក្តីណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ​។​

​សូម​រំលឹក​ថា​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ក្នុងភូមិ​សាស្ត្រ​ ខណ្ឌមានជ័យ​នេះ​ផង​ដែរ​ កាលពី​អំឡុង​ខែវិច្ឆិកា​ កន្លង​ទៅ​ថ្មីៗ​នេះ​ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ក៏​ធ្លាប់​បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់​ធ្នាប់ នៅ​ចំណុច​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ នឹង​ក៏​បាន​រៀបចំ​សណ្តាប់ធ្នាប់​នៅ​គោល​នោះ​ ឱ្យ​មាន​រៀបរយ​ឡើង​វិញ​នោះ​ហើយ​ ក្នុង​នោះ​ដោយ​មានការ​ចូលរួម​សហការ​ពី​សំណាក់​បងប្អូន​អាជីវករ​ ដែល​បាន​គោរព​អនុវត្ត​តាម​ការ​ណែនាំ ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ​៕

មតិយោបល់