ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​បុក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​កង់​៣​លក់​ខ្ចៅ​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ស៊ូ​គី ស្មា​ស់រី​វ៉ូ ក្នុង​ល្បឿន​លឿន​ខណៈ​មក​ដល់​ផ្លូវ​បែក​ជា​បួន​ត្រង់​ចំណុច​ស្ដុប​កាណាឌីយ៉ា ក៏​បុក​ចំ​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ជិះ​ដោយ​ស្ត្រី​ម្នាក់​លក់​ខ្ចៅ បណ្ដាលអោយ​រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​៣​និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​២​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​ព្រះ​មុនី​វង់​កែង​ផ្លូវ​១១៤ ស្ថិត​ក្នុង​ស្រះ​ចក ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​២​នាក់​ស្រវឹងស្រា​ជោកជាំ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ស៊ូ​គី ស្មា​ស់រី​វ៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-1985 រ៉េ​ពេញ​ផ្លូវ​តាម​បណ្ដោយ​ផ្លូវ​១១៤ ទិសដៅ​ពី​លិច​ទៅ​កើត ខណៈនោះ​ក៏​មាន​ម៉ូតូ​កង់​៣​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ស៊េរី​ចាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ​2258 ភព​១ លក់​ខ្ចៅ​ជិះ​ធ្វើ​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវ​បែក​ជា​បួន​ស្ដុប​កាណាឌីយ៉ា ម៉ូត​ស្មា​ស់រី​វ៉ូ​ក៏បាន​បុក​ចំ​ម៉ូតូ​កង់​៣​ចំ​ពេញទំហឹង​បណ្ដាលឱ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ដួល​បោក​ផ្ទប់​និង​ថ្នល់ រងរបួស​ធ្ងន់​បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់ ចំណែក​បុរស​ម្នាក់​រង​របួសស្រាល​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-04-02_090728

មតិយោបល់