នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថាជា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃរាជានិយមនៅ កម្ពុជា។
ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឈ្មោះថ្មីព្រោះចង់បង្ហាញថាប្រទេសកម្ពុជាជាប្រទេសរាជានិយមដែលរឹងមាំ និងថាការដាក់ថា «តេជោ» នេះមិនសំដៅ លើនាមរបស់សម្ដេចនោះទេតែសំដៅលើ មេទ័ពតេជោមាស តេជោយ៉ត មានធ្លាប់មានប្រវត្តិសាស្ត្រក្នុងទឹកដីខេត្តកណ្ដាលនេះ។
សម្ដេចតេជោថ្លែងថា៖ «ដាក់អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅ លើខ្ញុំទេ គឺសំដៅ លើរាជានិយមព្រោះមានរាជានិយមទើបមានពាក្យតេជោ ឧកញ៉ា និងអ្នកឧកញ៉ា» ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ត្រូវបានសាងសង់នៅ ឆ្នាំ២០១៩ ដោយមានទុនវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកវិនិយោគខ្មែរ៩០ភាគរយដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។
អាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០២៣ខាងមុខ និងដាក់ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២៥ ដែលនឹងអាចទទួលអ្នកដំណើរបានប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕
មតិយោបល់