ព័ត៌មានជាតិ

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ រៀបចំឡើងដើម្បីអបអរក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់ អាស៊ាន

(ភ្នំពេញ)៖ សៀមរាប ជាខេត្តប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមផ្លាស់ប្តូរមុខមាត់មកជារស់រវើកឡើងវិញម្តងទៀត ក្រោយរងការខូតខាតយ៉ាងដំណំដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩។ កត្តានេះបានជម្រុញឱ្យកើតមានការប្រារព្ធព្រឹត្តិការណ៍ «មហោស្រពសិល្ប:អន្តរជាតិអង្គរឆ្នាំ២០២១» ឡើង ក្រោមការចូលរួមឧបត្ថមពីវិស័យឯកជន។

តាមផេកក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានឲ្យដឹងថា «មហោស្រពសិល្ប:អន្តរជាតិអង្គរឆ្នាំ២០២១» រៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសិល្ប:វប្បធម៌ខ្មែរ ទៅកាន់សាធារណ:ជន ទាំងក្នុង និងក្រៅស្រុក។«មហោស្រពសិល្ប:អន្តរជាតិអង្គរឆ្នាំ២០២១» នេះ ត្រូវគេរំពឹងថា អាចនឹងជួយឱ្យក្រុងសៀមរាមទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ក៏ដូចជាជួយជម្រុញឱ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប វិញកាន់តែច្រើនឡើង ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។

លោក ស៊ីយ៉ុន សុផារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រាប់ឱ្យដឹងថា «នៅថ្ងៃទី ១០ ១១ ១២ យើងមានការចាក់ផ្សាយកុន និងការសម្តែងនានាដែរ អ៊ីចឹង! ព្រឹត្តិការណ៍នេះយើងធ្វើដើម្បី៖

ទី១ ឱ្យប្រជាជនខ្មែរទូទៅបានដឹងថាក្រុងសៀមរាបយើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។

ទី២ គឺឱ្យកាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរដែលយើងចាក់ផ្សាយ។

ទី៣ គឺឱ្យពិភពលោកបានដឹង។ យើងជឿ និងសង្ឃឹមថា ការបើកឆាកហ្នឹង នឹងទាក់ទាញភ្ញៀវទេសចរឱ្យរស់ឡើងវិញ ព្រោះទេសចរក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិដែរ។»

សូមជម្រាបថា «មហោស្រពសិល្ប:អន្តរជាតិអង្គរឆ្នាំ២០២១» ជាការរៀបចំឡើងលើកដំបូងបំផុតនៅក្នុងខេត្តសៀមរាប។ មហោស្រពនេះ នឹងប្រារព្ធរៀបចំឡើងរយ:ពេល៣ថ្ងៃ គឺថ្ងៃទី ១០ ១១ និង ១២ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងខេត្តសៀមរាប និងឧទ្យានអង្គរ។

មតិយោបល់