ព័ត៌មានជាតិ

Apple នឹងបង្ហាញអ្នកប្រើប្រាស់អំពីផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទ iPhone ដែលបានផ្លាស់ប្ដូរ

នៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.2 លោកអ្នកនឹងអាចពិនិត្យមើលផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទប្រសិនបើផ្នែកនោះត្រូវបានផ្លាស់ប្ដូរ ហើយក្នុងករណីដែលមានការផ្លាស់ប្ដូរ វាក៏នឹងបង្ហាញថាតើគ្រឿងនោះគឺជាគ្រឿងដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រុមហ៊ុន។ ប្រសិនបើវាបង្ហាញពាក្យ “unknown part” នេះមានន័យថា វាជាគ្រឿងក្រៅផ្លូវការ (unofficial) ឬអាចជាគ្រឿងចាស់ដែលបានប្រើរួចមកហើយ។

ប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone 11 លោកអ្នកអាចពិនិត្យមើលថ្ម និងស្គ្រីនទូរសព្ទ ហើយសម្រាប់ទូរសព្ទ iPhone 12 ឬថ្មីជាងនេះលោកអ្នកក៏អាចពិនិត្យមើលបានទាំង កាមេរ៉ាផងដែរ។ ប៉ុន្តែសម្រាប់ iPhone XR, XS ឬ SE ជំនាន់ទី២ លោកអ្នកអាចពិនិត្យមើលបានតែថ្មរបស់វាប៉ុណ្ណោះ។ ដើម្បីប្រើមុខងារនេះ លោកអ្នកអាចចូលទៅក្នុង Settings > General > About របស់ទូរសព្ទ។

គួរបញ្ជាក់ផងដែរថា មុខងារនេះគឺសម្រាប់ជាការផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់តែប៉ុណ្ណោះ ព្រោះគ្រឿងដែលមិនមានការទទួលស្គាល់ដោយក្រុមហ៊ុន Apple ក៏អាចដំណើរការបានជាធម្មតាផងដែរ៕

 

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់