ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅម្តុំផ្លូវរថភ្លើងបឹងកក់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នៅម្តុំខាងមុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅម្ដុំនោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញអណ្ដាតភ្លើងបានឆាបឆេះផ្ទះមួយខ្នងមុនគេរួចហើយក៏រាលដាលកាន់តែខ្លាំងឡើងៗ ផ្សែងនិងអណ្តាតភ្លើងហុយឃ្មួលខ្មាញ់សន្ធោសន្ធៅឆេះយ៉ាងរហ័សបណ្ដាលឱ្យផ្ទះនៅជាប់គ្នានោះត្រូវរាលដាលឆេះជាបន្តបន្ទាប់។
ប្រភពព័ត៌មានបន្តទៀតថា ពេលនោះគេឃើញអាជ្ញាធរមូលដ្ឋានជាពិសេសលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយលោក ទៀង ច័ន្ទសារ អធិការខណ្ឌ និងកងកម្លាំងអាវុធហត្ថខណ្ឌបានមកជួយអន្តរាគមន៍សហការគ្នាដើម្បីសម្រួលចរាចរណ៍ឲ្យក្រុមរថយន្តពន្លត់អគ្គីភ័យងាយស្រួលចូលជួយបាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរ។
អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនោះ កើតឡើងនៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរថភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងមិនទាន់ស្គាល់អត្តសញ្ញាណនិងមូលហេតុកំពុងស្រាវជ្រាវបន្ត។
ប្រភេទសំណង់ដែលឆេះគឺសំណង់មិនរៀបរយខូចខាតសម្ភារៈឆេះផ្ទះ(សំណង់មិនរៀបរយ)សរុបចំនួន ៨០ខ្នងមិនបណ្តាលឲ្យមានរបួសឬគ្រោះថ្នាក់ឡើយ។
រថយន្តអគ្គីភ័យមកជួយអន្តរាគមន៍មានរថយន្តការិយាល័យបង្កនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់៧៥ឡាន ស្មើនឹង៣០០ម៉ែត្រគូប ។ រថយន្តក្រសួងមហាផៃ្ទ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន សើ្មនឹង៣៦ម៉ែត្រគូប។ រថយន្តអង្គភាព ង៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន សើ្មនឹង២០ម៉ែត្រគូប។ រថយន្តOCICទីក្រុងជ្រោយចង្វារ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ឡាន សើ្មនឹង៩៦ម៉ែត្រគូប។ រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន សើ្មនឹង៣៦ម៉ែត្រគូបរថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន សើ្មនឹង២៤ម៉ែត្រគូបរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន សើ្មនឹង១២ម៉ែត្រគូប៕







មតិយោបល់