ព័ត៌មានជាតិ

អប់អរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ី

ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ី ក្នុងចំណោមប្រាសាទចំនួន ១០ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលបានចេញផ្សាយនៅក្នុងដើមខែធ្នូនេះ។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា ៖ «គ្មានទ្វីបណាមួយនៅលើភពផែនដីនេះមានប្រាសាទច្រើនដូចទ្វីបអាស៊ីនោះទេ។ ទាំងនេះមិនមែនប្រហែលជារឿងដែលមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារអាស៊ីជាកន្លែងកំណើតនៃសាសនាសំខាន់ៗរបស់ពិភពលោក ក៏ដូចជាជំនឿជាច្រើនទៀតផងដែរ រួមមាន ព្រះពុទ្ធសាសនា ហិណ្ឌូសាសនា ព្រហ្មញ្ញសាសនា សាសនាចេន សាសនាស៊ីក និងសាសនាតាវ ។ល។ ដែលជាការបំផុសគំនិតក្នុងការកសាងប្រាសាទល្បីៗជាច្រើននៅលើពិភពលោក»។

ការវាយតម្លៃបានបញ្ជាក់ថា ប្រាសាទអង្គរវត្តរបស់កម្ពុជា គឺជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោកផងដែរ ដែលបានកសាងក្នុងរជ្ជកាលព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ ក្នុងអំឡុងដើមសតវត្សរ៍ទី១២។

ចំណាត់ថ្នាក់លេខ២ បានទៅលើប្រាសាទ Borobudur ដែលស្ថិតនៅលើកោះចាវ៉ា (Java) គឺជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំ និងល្បីល្បាញបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈលេខ៣ បានទៅលើប្រាសាទ Baalbek ដែលជាទីកន្លែងបុរាណវិទ្យាមួយដ៏អស្ចារ្យមួយនៅភាគឦសាន នៃប្រទេសលីបង់។

ដោយឡែក ចំណាត់ថ្នាក់ទី៤ បានទៅលើប្រាសាទមាស Harmandir Sahib នៃសាសនាស៊ីក នៅក្នុងប្រទេសឥណ្ឌា និងទី៥ បានទៅលើប្រាសាទ Kinkaku-ji ឬTemple of the Golden Pavilion ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងក្យូតូ នៃប្រទេសជប៉ុន។ ទី៦ បានទៅលើប្រាសាទឋានសួគ៌ (The Temple of Heaven) ក្នុងទីក្រុងប៉េកាំងត្រូវបានចាត់ទុកថាជាប្រាសាទសាសនាតាវ បន្ទាប់មកគឺវត្ត ឬប្រាសាទ Phra Kaew (Temple of the Emerald Buddha) គឺជាប្រាសាទដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកក ដែលមានទីតាំងនៅក្នុងបរិវេណនៃព្រះបរមរាជវាំងថៃ ដែលបានជាប់ចំណាត់ថ្នាក់ទី៧។ ចំណែកទី៨ បានទៅលើវត្ត ឬប្រាសាទ Taktsang ឬសំបុកខ្លា (Tiger’s Nest) នៃប្រទេសប៊ូតង់ ហើយចំណែកលេខ៩ បានទៅលើប្រាសាទ Ranakpur Jain នៅប្រទេសឥណ្ឌា និងចំណាត់ថ្នាក់ទី១០ បានទៅលើប្រាសាទផ្កាឈូក (Lotus Temple) ដែលស្ថិតនៅទីក្រុងញូវដេលី នៃប្រទេសឥណ្ឌា។

សូមរម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ក៏បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

មតិយោបល់