ព័ត៌មានជាតិ

​សម្ដេតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធ ត្រូវប្រញាប់មកបង់ពន្ធ ខណៈការអនុគ្រោះពន្ធ១០ភាគរយ នៅសល់ត្រឹមតែ ១៥ថ្ងៃទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធ សូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ ខណៈការអនុគ្រោះពន្ធ១០ភាគរយ នៅសល់ត្រឹមតែ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT REGENCY PHNOM PENH) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈរថយន្ដចង្កូតស្ដាំក៏មិនឱ្យមានវត្ដមានបើកបរនៅលើផ្លូវផងដែរ។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យមានព្រឹត្តិការណ៍កើតឡើងច្រំដែល កើតឡើងតទៅទៀតនោះទេ លើបញ្ហារថយន្ដមិនបង់ពន្ធជ្រកក្រោមផ្លាកលេខនេះ ឬផ្លាកលេខនោះ ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កួតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិ ឬផ្លូវលំ ត្រូវកែវាទៅឆ្វេងទាំងអស់”។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺត្រូវបង់ពន្ធពេញដោយមិនទទួលបានការអនុគ្រោះពន្ធ១០ភាគរយនោះទេ។

សម្ដេចតេជោលើកឡើងថា រឿងរថយន្ដអត់បង់ពន្ធនេះ គឺជារឿងរកស៊ីរត់ពន្ធ ដោយយកឡានមកជិះអត់ពន្ធ ហើយចំពោះអ្នកដែលមិនបានបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “ក្រោយថ្ងៃទី៣១ ខែធ្នូ បង់ពន្ធពេញ អត់មានទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ ១០ភាគរយនោះទេ។ ពីព្រោះរឿងនេះ ជារឿងរកស៊ី យកឡានមកជិះអត់ពន្ធ ត្រូវចូលមកបង់ពន្ធ នឹងទទួលបានការអនុគ្រោះ១០ភាគរយ”។

សូមរម្លឹកផងដែរថា អនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការរម្លឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធ មេត្តាជ្រាបថា ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

មតិយោបល់