ផ្អែកទៅលើកម្រិតហានីភ័យនៃមេរោគកូវីដ១៩ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ
បានក្លាយជាគោលដៅអាទិភាពនៃការចាក់វ៉ាក់សាំងនេះមុនគេដល់កម្មករ-កម្មការិនី ដែលបំរើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។ ក្រៅពីខេត្តក្រុងទាំ៤នេះ ស្វាយរៀង តាកែវ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ជាដើម ក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដែរ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី២៨មិនានេះថា នៅខណៈនេះ គ្រប់អ្នកពាក់ព័ន្ធកំពុងស្រង់តួលេខចំនួនកម្មករ-កម្មការិនី ដែលកំពុងបំរើការងារនៅក្នុងខេត្តក្រុងចំនួន១១ ដើម្បីមកទទួលវ៉ាក់សាំងជំហានដំបូង។ ចំណែកក្រសួងការងារវិញ កំពុងធ្វើការជាមួយគណៈកម្មការចំពោះកិច្ច ដើម្បីកំណត់ចំនួនដូសចាក់ជូនកម្មករ-កម្មការិនីឲ្យគ្រប់ចំនួនដែលបានកំណត់ គឺ២ដូសសម្រាប់មនុស្សម្នាក់។
នៅកម្ពុជា រោងចក្រដែលដំណើការផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបមានចំនួន១២០៣រោងចក្រ និងមានកម្មករនិយោជិតសរុបជាង៩៦ម៉ឺននាក់។ ក្នុងនោះ រាជធានីភ្នំពេញមានរោងចក្រដំណើរការផ្នែកនេះជិត៧០០ទីតាំង និងមានកម្មករនិយោជិតប្រមាណ៤៧ម៉ឺននាក់។ ដោយឡែក នៅខេត្តកណ្ដាលវិញ មានរោងចក្រជិត១៥០ និងកម្មករនិយោជិតជាង១៥ម៉ឺននាក់ ខណៈខេត្តកំពង់ស្ពឺមានកម្មករជិត១៣ម៉ឺននាក់។
បើតាមអ្នកនាំពាក្យក្រសួងការងារដដែល កម្មករនិយោជិតស្ថិតនៅក្នុងចំនួននេះ នឹងទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។ កន្លងមក អ្នកនាំពាក្យរូបនេះក៏បានព្រមាន ពីការអនុវត្តច្បាប់ទៅលើជនណាដែលដើរបំផុសបំផុលញុះញង់ដល់កម្មករ កម្មការិនីកុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ជាមួយគ្នានេះលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាឲ្យដឹងថា បន្ទាប់ពីក្រសួងនិងភាគីពាក់ព័ន្ធកំពុងដុតដៃដុតជើងដើម្បីពន្លឿនដំណើរការចាក់វ៉ាក់សាំង កម្មករនិយោជិតមួយចំនួនបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងរួចជាស្រេច ខណៈមួយចំនួនទៀតអល់អែក ដោយបារម្ភពីគុណភាពវ៉ាក់សាំងក្រោយជឿលើការឃោសនាអវិជ្ជមានមួយចំនួនអំពីគុណភាពវ៉ាក់សាំង។
ប្រភព៖ RFI
មតិយោបល់